លោក ឡេអូណាដូ (Leonardo) នាយកទទួលបន្ទុកកីឡានៃក្រុម ប៉ារីស (Paris Saint Germain – បារាំង) បានបញ្ជាក់ជាផ្លូវការថា តារាបាល់ទាត់ពីរនាក់ ដែលបានចូលរួមបង្កភាពល្បីល្បាញឲ្យក្រុម គឺកីឡាក ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) និង អេឌីសុន កាវ៉ានី (Edinson Cavani) នឹងចាកចេញ នាចុងរដូវកាលនេះ បន្ទាប់ពីពួកគេ បានបញ្ចប់កិច្ចសន្យារៀងៗខ្លួន។
នៅក្នុងកិច្ចសម្ភាសមួយ ដែលធ្វើជាមួយសារព័ត៌មានបារាំង «Journal du dimanche» លោក ឡេអូណាដូ បានបញ្ជាក់ថា វាជាការសម្រេចចិត្ត ដ៏ពិបាក ក្នុងការបញ្ចប់ដំណើររួមគ្នា ដែលបានធ្វើតាំងពីច្រើនឆ្នាំ។ តែលោកសង្កត់ធ្ងន់ថា វាជាការផ្លាស់ប្ដូរដ៏សំខាន់ របស់ក្រុមបាល់ទាត់ នៃរដ្ឋធានី ប៉ារីស ដែលត្រូវដើរ ជាមួយកីឡាករជំនាន់ថ្មី ក្នុងជំហានទៅរកជ័យជំនះថ្មីៗទៀត។
លោកនាយកទទួលបន្ទុកកីឡា របស់ក្រុមយក្សបារាំង បានថ្លែងថា៖
«នេះ ជាការសម្រេចចិត្តដ៏ពិបាក។ ពួកគេជាកីឡាករពីរនាក់ ដែលបានបង្កើតប្រវត្តិសាស្ត្រ ឲ្យក្រុមប៉ារីស ហើយយើងនៅតែចោទសួរថា តើយើងត្រូវបន្តដំណើរទៅទៀត ឬត្រូវបញ្ឈប់ត្រឹមនេះ វាប្រសើរជាង? អ្វីៗកន្លងមក មានភាពល្អូកល្អឺនណាស់។ តែប្រាកដហើយថា វាបានមកដល់ទីបញ្ចប់។»
យ៉ាងណា បើទោះជាកិច្ចសន្យារបស់កីឡាករទាំងពីរ នឹងត្រូវចប់ នៅចុងខែមិថុនាខាងមុខនេះក្ដី តែវិបត្តិជំងឺរាតត្បាត «Covid-19» បានធ្វើឲ្យកាលវិភាពទាំងឡាយ នៃការប្រកួតបាល់ទាត់នានា នៅជុំវិញពិភពលោក មានការផ្លាស់ប្ដូរ ជាពិសេសការប្រកួតទាំងឡាយ នៅក្នុងក្របខណ្ឌអ៊ឺរ៉ុប «Champions League»។
ដូច្នេះ កីឡាករទាំងពីរអាចនឹងបន្តទាត់ ឲ្យក្រុមប៉ារីស រហូតដល់ចុងខែសីហាខាងមុខ ដើម្បីសម្រមតាមកាលវិភាគថ្មី របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប «UEFA» ក្នុងការបញ្ចប់រដូវកាល «Champions League» ឆ្នាំ២០១៩-២០២០។
លោក ឡេអូណាដូ បានបង្ហើបឲ្យដឹងទៀតថា ក្រុមប៉ារីសសង្ឃឹមនឹងរកបាន ផ្លូវកណ្ដាលមួយ ដើម្បីអនុញ្ញាតឲ្យកីឡាករទាំងពីរ នៅបន្តទាត់ឲ្យក្រុម រហូតដល់ខែសីហា។
ខ្សែបម្រើ កីឡាករ ទីចាហ្គោ ស៊ីលវ៉ា ជាតិប្រេស៊ីល បានចុះកិច្ចសន្យាទាត់ឲ្យក្រុមប៉ារីស នៅរដូវក្ដៅ ឆ្នាំ២០១២។ នៅពេលនោះ ក្រុមប៉ារីសដែលទើបត្រូវបានទិញ (ក្នុងឆ្នាំ២០១១) ដោយព្រះអង្គម្ចាស់មួយអង្គ នៃប្រទេសកាតា បានទិញកីឡាករខ្លាំងៗ និងល្បីៗជាច្រើន មានរួមទាំងកីឡាករ «Zlatan Ibrahimovic» «Ezequiel Lavezzi» និងកីឡាករ «Marco Verratti»។
រីឯខ្សែប្រយុទ្ធ អេឌីសុន កាវ៉ានី ជាតិប៉ារ៉ាហ្គាយ បានចុះកិច្ចសន្យាជាមួយក្រុមប៉ារីស នៅមួយឆ្នាំក្រោយ (ឆ្នាំ២០១៣) ហើយមកដល់ថ្ងៃនេះ បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់ ឲ្យក្រុម បានច្រើនជាងគេបំផុត (២០០គ្រាប់) នៅក្នុងប្រវត្តិក្រុមប៉ារីស៕