ការប្រកួត ក្នុងយប់ថ្ងៃសៅរ៍ទី ២២ ខែធ្នូ ជាការប្រកួតចុងក្រោយបំផុត នៃឆ្នាំ២០១៨ សម្រាប់ក្របខណ្ឌ បូកពិន្ទុដណ្ដើមជើងឯក «Ligue 1» ក្នុងប្រទេសបារាំង។ ហើយក្រុមប៉ារីស (Paris Saint-Germain) ត្រូវទទួលក្រុម ណង់ (Nantes) ដើម្បីដណ្ដើម យកពិន្ទុបីបន្ថែមទៀត នៅក្នុងកីឡដ្ឋានរបស់ខ្លួន ឈ្មោះ «Parc des Princes»។
បញ្ហានៅត្រង់ថា ក្រុមប៉ារីសបានប្រកួត យកឈ្នះលើក្រុម ណង់ (១-០) ទទួលបាន៣ពិន្ទុមែនហើយ តែជ័យជំនះនេះ មិនបានបង្កឲ្យកីឡាកររបស់ក្រុម ប៉ារីស ទាំងអស់សប្បាយរីករាយឡើយ ជាពិសេសកីឡាករ ទីចាហ្គោ ស៊ីលវ៉ា (Thiago Silva) បន្ទាប់ពីខ្សែការពារ និងជាប្រធានក្រុមរូបនេះ បានត្រឡប់ទៅដល់គេហដ្ឋានវិញ នៅវេលាម៉ោងប្រមាណ ជា២រំលងអាធ្រាត។
ក្នុងយប់នោះ ចោរបានចូលទៅគាស់ផ្ទះ របស់កីឡាករ ដែលស្ថិតក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស។ នេះបើតាមសេចក្ដីរាយការណ៍ របស់សារព័ត៌មានបារាំងជាច្រើន ដែលស្រង់ប្រភព ស្និតនឹងសំនុំរឿង មកបញ្ជាក់ និងអះអាងបន្ថែមថា ការិយាល័យនគរបាល នៃរដ្ឋធានីប៉ារីស ជំនាញខាងប្រឆាំងការឆក់ប្លន់ បានប្រកាសបើកសំនុំរឿងស៊ើបអង្កេតមួយ ជុំវិញការគាស់ផ្ទះកីឡាករខាងលើ ដើម្បីស្វែងរកជនល្មើស មកផ្តន្ទាទោស។
ទីភ្នាក់ងារព័ត៌មានបារាំង «AFP» បានស្រង់ប្រភពច្បាស់ការណ៍មួយ មកអះអាងថា ការស៊ើបអង្កេត បានបង្ហាញពន្លឺខ្លះហើយ និងរៀបរាប់ថា នៅយប់ថ្ងៃសៅរ៍នោះ ចោរមានគ្នាពីរនាក់ បានចូលមកក្នុងអាគារស្នាក់នៅ របស់កីឡាករ តាមរយៈដំបូងអាគារផ្សេងទៀត ដែលនៅជាប់នោះ។ នៅក្នុងអាគារស្នាក់នៅនោះ មានបំពាក់ដោយប្រព័ន្ធ ប្រកាសអាសន្ន ដ៏មានប្រសិទ្ធភាព (ប្រឆាំងការចូលកំសាន្ដ ដោយគ្មានការអនុញ្ញាត) តែប្រព័ន្ធដ៏ទំនើបនេះ មិនមានដំណើរការទេ (ភ្លេចបើក) ក្នុងពេលនោះ។
ទីភ្នាក់ងារ «AFP» បានរាយការណ៍បន្ថែមថា សម្ភារៈដែលបាត់បង់ មាននាឡិការមួយគ្រឿង ដែលមានតម្លៃប្រមាណជា ៦០០ ០០០អ៊ឺរ៉ូ និងទ្រព្យសម្បត្តិដទៃទៀត ដែលអាចមានតម្លៃសរុប ឡើងដល់ជាង១លានអ៊ឺរ៉ូ។ លិខិតឆ្លងដែនកីឡាករ ក៏ត្រូវបានចោរលួច យកទៅបាត់ដែរ ដែលតម្រូវឲ្យកីឡាករ ត្រូវរត់ក្រដាស់ស្នាមបន្ទាន់ភ្លាមៗ ដើម្បីអាចទៅចូលរួមបុណ្យណូអែល និងបុណ្យចូលឆ្នាំសាកល ជាមួយគ្រួសារ ក្នុងប្រទេសប្រេស៊ីលបាន។
នេះជាលើកទីពីរហើយ ក្នុងរយៈពេល មិនដល់មួយខែផងទេ ដែលគេហដ្ឋាន របស់កីឡាករក្រុម ប៉ារីស រងការគាស់ និងលួច ពីសំណាក់ក្រុមចោរ។
កាលពីយប់ថ្ងៃទី២៨ ចូលមកថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅ ផ្ទះរបស់ខ្សែប្រយុទ្ធថ្មីថ្មោង គឺកីឡាករ «Éric Choupo-Moting» ក៏ត្រូវបានក្រុមចោរ ចូលទៅ«ទស្សនាកំសាន្ដ»ដែរ នៅខណៈពេលដែលកីឡាករ កំពុងប្រកួតយកជ័យជំនះ ទល់នឹងក្រុម លីវើភូល (Liverpool) ក្នុងក្របខណ្ឌ ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»។ ទ្រព្យសម្បត្តិដែលបាត់បង់ នៅពេលនោះ មានទំហំប្រមាណ ជា៦០០ ០០០អ៊ឺរ៉ូ ក្នុងនោះ ៤០០ ០០០អ៊ឺរ៉ូ ជាគ្រឿងអលង្កា៕