អាជ្ញាកណ្ដាលបាល់ទាត់មួយរូប អាយុ៣២ឆ្នាំ បានទទួលមរណភាព នៅខណៈការប្រកួតកំពុងប្រព្រឹត្តិទៅ នៅនាទីទី៤៩ រវាងក្រុម «Always Ready» និងក្រុម «Oriente Petrolero» នៅក្នុងក្រុង «El Alto» ដែលស្ថិត«លើភ្នំខ្ពស់ជាង៤គីឡូម៉ែត្រ» ក្នុងប្រទេសបូលីវី។
លោក «Victor Hugo Hurtado» អាជ្ញាកណ្ដាលអាជីព បានស្លាប់ភ្លាមៗ ដោយអាការៈគាំងបេះដូង នៅក្នុងការប្រកួតខាងលើ ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃអាទិត្យ (ត្រូវនឹងថ្ងៃចន្ទ សម្រាប់បណ្ដាប្រទេស នៅក្នុងទ្វីបអូសេអានី អាស៊ី និងអ៊ឺរ៉ុប)។ ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមធ្វើចលនាបេះដូង ដាក់បំពង់អុកស៊ីសែន និងបានបញ្ជូនលោក ទៅកាន់មន្ទីរពេទ្យភ្លាមៗ តែមិនអាចជួយជីវិតលោក «Victor Hugo Hurtado» មកវិញបានទេ។
មរណភាពខាងលើ បានបង្កឲ្យផ្ទុះឡើងវិញ នូវការជជែកវែកញែក ជុំវិញការប្រកួតទាំងឡាយ ដែលប្រព្រឹត្តិទៅ នៅលើភ្នំ ឬខ្នងភ្នំដែលខ្ពស់ហួសហេតុ ហើយធ្វើឲ្យខ្វះខ្យល់អុកស៊ីសែន សម្រាប់ការដកដង្ហើម របស់តួអង្គទាំងឡាយនៃការប្រកួត ជាពិសេសកីឡាករ និងអាជ្ញាកណ្ដាល។
ក្រុង «El Alto» ដែលជាផ្ទះរបស់ក្រុម «Always Ready» ជាទីក្រុងដ៏ធំមួយ ស្ថិតនៅលើខ្នងភ្នំ ដែលមានកំពស់ ៤០៩០ម៉ែត្រ ពីកំពស់ទឹកសមុទ្រ។ ភូមិសាស្ត្រក្នុងប្រទេសបូលីវី មានសណ្ឋានជាប្រជុំជួរភ្នំ ដែលមានកំពស់ដ៏ខ្ពស់ ស្ថិតក្នុងចំណោមមហាដងគិរី ដ៏ខ្ពស់ៗទាំងឡាយ នៅលើពិភពលោក។
កាលពីខែឧសភា ឆ្នាំ២០០៧ សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) បានធ្វើការហាមឃាត់ សម្រាប់រាល់ការប្រកួត ជាលក្ខណៈអន្តរជាតិទាំងអស់ ដែលប្រព្រឹត្តិទៅ នៅកំពស់ហួសពី២៥០០ម៉ែត្រ (២,៥គីឡូម៉ែត្រ ពីកំពស់ទឹកសមុទ្រ) ដើម្បីគាំពារ និងថែរក្សាសុខភាព របស់កីឡាករ។
នៅពេលនោះ ប្រធានាធិបតីនៃប្រទសបូលីវី លោក«Evo Morales» បានធ្វើការជំទាស់យ៉ាងខ្លាំងក្លា ដោយបានគម្រាមថា នឹងនាំសំនុំរឿងនេះ ឡើងទៅអង្គការសហប្រជាជាតិ អំពី«ការរើសអើង»។ សហព័ន្ធបាល់ទាត់នៃប្រទេសមួយចំនួន ដែលមានស្ថានភាពភូមិសាស្ត្រប្រហាក់ប្រហែលគ្នា (គឺស្ថិតនៅលើភ្នំ) បានចូលរួមជំទាស់ ការសម្រេចរបស់ «FIFA» ដោយលើកឡើងថា មរណភាពរបស់កីឡាករជាច្រើន ក៏មានដូចគ្នាដែរ នៅទ្វីបអ៊ឺរ៉ុប។
ការជំទាស់ទាំងនោះ បានធ្វើឲ្យសហព័ន្ធបាល់ទាត់ពិភពលោក លប់ចោលការហាមឃាត់ របស់ខ្លួនវិញនៅឆ្នាំ២០០៨ ពោលគឺមួយឆ្នាំក្រោយមក៕