បាល់ទាត់

Champions League៖ រៀល និងឆែលស៊ី បានត្រឹម​ស្មើ ១-១ ជុំទី១

ក្រុមយក្សពីរនៅអ៊ឺរ៉ុប​បានបញ្ចប់ការប្រកួត វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជុំទី១ ដោយលទ្ធផលស្មើ ១-១ ក្នុងយប់​ថ្ងៃអង្គារ​​ទី២៧ ខែមេសា ឆ្នាំ២០២១នេះ។ ជាការប្រកួតរវាងក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) និងក្រុម ឆែលស៊ី (Chelsea – អង់គ្លេស) នៃក្របខណ្ឌ​ដណ្ដើមជើងឯកអ៊ឺរ៉ុប​«Champions League»​ប្រចាំរដូវកាល​ឆ្នាំ២០២០-២០២១។

បើនិយាយពីសាច់បាល់ ដែលក្រុមទាំងពីរបានលេង គេមើលឃើញថា ក្រុម ឆែលស៊ី ដែលបង្វឹកដោយគ្រូបង្វឹកថ្មី លោក ថូម៉ាស់ ធូហែល (Thomas Tuchel) មានប្រៀបជាងក្រុម រៀល តាមរយៈខ្សែបម្រើទាំងបីនាក់ ដែលក្រុម​តោខៀវ បានដាក់ពង្រាយ ដើម្បីដណ្ដើមបាល់ (ឬឃាំងខ្ទប់ការបញ្ចូលបាល់) យ៉ាងមានប្រសិទ្ធិភាព ពីក្រុមគូប្រជែង។

ដោយហេតុនេះហើយ ទើបកីឡាករ «Christian Pulisi» ខ្សែបម្រើជាតិអាមេរិកាំង​របស់ក្រុម ឆែលស៊ី រកបាន​គ្រាប់បាល់​មួយមុន នៅនាទីទី១៤។

យ៉ាងណា ក្រុម រៀល នៅមានកំពូល​កីឡាករ​កម្រិតពិភពលោក ដែលអាចផ្លាស់ប្ដូរលទ្ធផល នៃការប្រកួតបាន។ នោះគឺ​ខ្សែប្រយុទ្ធជាតិបារាំង កីឡាករ​«Karim Benzema» ដែលបានទាត់ផ្កាប់ចាន បញ្ជូលបាល់ចូលទីក្រុម ឆែលស៊ី នៅនាទីទី២៩ បានមួយគ្រាប់ស្មើមកវិញ។

តែមួយគ្រាប់នេះ នៅមិនគ្រប់គ្រាន់ទេ ក្នុងការបញ្ជាក់ពីមហិទ្ធិរិទ្ធរបស់ក្រុម អធិរាជជិះសេះស នៃរាជធានី ម៉ាឌ្រីត ដោយហេតុថា វាគ្រាន់តែជា​លទ្ធផលស្មើ ខណៈការប្រកួតបានប្រព្រឹត្តិទៅ ក្នុងផ្ទះរបស់ខ្លួនឯងប៉ុណ្ណោះ។

បើទោះជាមួយគ្រាប់នៅក្រៅផ្ទះ​របស់ក្រុម ឆែលស៊ី បានផ្ដល់ប្រៀបឲ្យក្រុមនេះ សម្រាប់ការប្រកួតជុំទី២ ដែលនឹង​ប្រព្រឹត្តិទៅ នៅសប្ដាហ៍ខាងមុខ ក្នុងកីឡដ្ឋាន«Stamford Bridge»​នៃរាជធានី ឡូងដ៍ ក្ដី ក៏ក្រុមបាល់ទាត់​យក្ស​ទាំងពីរ នៅមានឱកាសយ៉ាងច្រើននៅឡើយ ដើម្បីដណ្ដើមកៅអី សម្រាប់ឈានទៅប្រកួត​នៅវគ្គផ្ដាច់ព្រ័ត្រ ដែលនឹង​ប្រព្រឹត្តិទៅ នៅក្នុងកីឡដ្ឋាន«Atatürk»​នៃក្រុង អ៊ីស្ដាមប៊ូល (ទួរគី) នៅថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១​ខាងមុខ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។