បាល់ទាត់

Champions League៖ ប៉ារីស បំបាក់ អាតាឡង់តា ឡើងទៅ«១/២»

បន្ទាប់ពីរង់ចាំអស់ជាច្រើនទសវត្សរ៍ ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) បានឡើងដល់វគ្គ«១/២» ក្របខណ្ឌ «Champions League» ដោយបំបាក់ក្រុម អាតាឡង់តា (Atalanta – អ៊ីតាលី) នៅបីនាទីចុងក្រោយ នៃការប្រកួតក្នុងវគ្គ«១/៤» ក្នុងយប់ថ្ងៃពុធ​នេះ។

ជាសេណារីយ៉ូ ដែលមិនគួរឲ្យជឿបាន។ ក្រុម អាតាឡង់តា ដែលបាននាំមុន បានមួយ​គ្រាប់​មុន តាំងពីនាទីទី២៧ បានជឿជាក់រហូតដល់​នាទីចុងក្រោយ ថាខ្លួនបានទប់​បាន​ហើយ ទល់នឹងក្រុមប៉ារីស ដើម្បីដណ្ដើម​យកជ័យជំនះ។

តែនៅទីបំផុត ការបញ្ចូលកីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ឲ្យចូលទាត់​នៅ​នាទីទី៦០ បានផ្ដល់សន្ទុះបាល់យ៉ាងខ្លាំង រួមជាមួយកីឡាករ ណីម៉ា (Neymar) សម្រាប់​ក្រុមប៉ារីស។ កម្លាំងបាល់នេះ បានផ្ដល់ឲ្យក្រុម មានឱកាសជាច្រើន ក្នុងការទាត់បញ្ចូលទី តែមិនបានលទ្ធផល។

គេត្រូវរង់ចាំរហូតដល់ នាទីទី៩០ ទើបកីឡាករ ណីម៉ា បានបញ្ជូនបាល់មកកណ្ដាល ឲ្យកីឡាករ ម៉ាគីញ៉ូស (Marquinhos) គ្រាន់តែប្រើជើងរុញបាល់ រកបានគ្រាប់បាល់ស្មើ ១-១។

នៅប៉ុន្មាននាទីក្រោយមក (នាទីទី៩០+៣) កីឡាករ អ៊ឹមបាពេ ទទួលបានពីកីឡាករ ណីម៉ា រួចទាត់មកកណ្ដាល ទុកឲ្យខ្សែប្រយុទ្ធក្រុមប៉ារីសម្នាក់ទៀត កីឡាករ «Eric Maxim Choupo-Moting» គ្រាន់តែយកជើងឆ្កឹះ ដាក់បញ្ចូលទីមួយគ្រាប់ទៀត ១-២។ មកដល់​នាទី​​ចុងក្រោយ​ដូច្នេះ ក្រុម អាតាឡង់តា គ្មានសង្ឃឹមនឹងរកគ្រាប់បាល់បានវិញទេ នៅចំពោះ​ខ្សែការពារ​ដ៏រឹងមាំ របស់ក្រុមប៉ារីស។

ឆ្លងផុតវគ្គ១/៤ ក្រុមប៉ារីស នឹងត្រូវរង់ចាំលទ្ធផល នៃការប្រកួតក្នុងយប់ស្អែក រវាងក្រុម ឡេបហ្សីង (RB Leipzig – អាល្លឺម៉ង់) និងក្រុម អាត្លងទីកូ (Atlético Madrid – អេស្ប៉ាញ)៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។