បាល់ទាត់

Champions League៖ មេនស៊ីធី ឈ្នះក្រុម ប៉ារីស យកប្រៀបក្នុងជុំទី១

ក្រុម មេនស៊ីធី (Manchester City – អង់គ្លេស) បានប្រកួតឈ្នះក្រុម ប៉ារីស (Paris Saint Germain – បារាំង) ដោយគ្រាប់បាល់ ២-១ ក្នុងយប់ថ្ងៃពុធ ទី២៨ ខែមេសា សម្រាប់ការប្រកួតជុំទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌ«Champions League»ប្រចាំរដូវកាល។

ជ័យជំនះនេះ ផ្ដល់ប្រៀបសម្រាប់ក្រុមបាល់ទាត់ នៃក្រុង មេនឆេស្ទ័រ សម្រាប់ការប្រកួតជុំទី២ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃអង្គារសប្ដាហ៍ក្រោយ ព្រោះគ្រាប់បាល់ពីរគ្រាប់ ដែលក្រុមនេះរកបាន នៅខាងក្រៅផ្ទះ។

ការប្រកួតរវាងក្រុមទាំងពីរ ក្នុងយប់ថ្ងៃពុធនេះ មានលក្ខណៈខុសគ្នាទាំងស្រុង រវាងពាក់កណ្ដាលម៉ោងទាំងពីរ។ ពាក់កណ្ដាល​ម៉ោងដំបូង ក្រុមប៉ារីសលេងបានល្អ ​និងរកបានគ្រាប់បាល់មួយគ្រាប់មុន នៅនាទីទី១៥ ដោយខ្សែការពារ និងជាប្រធានក្រុម កីឡាករ«Marquinhos»។

បន្ទាប់មក នៅ​ពាក់កណ្ដាលម៉ោងទី២ ក្រុម មេនស៊ីធី បានបង្កើនសន្ធឹកលេងបាល់ ធ្វើឲ្យក្រុម ប៉ារីស ដកថយ​ទៅការពារ រហូតក្រុម«Sky Blue» រកគ្រាប់បាល់បានពីរគ្រាប់ នៅនាទីទី៦៤​ដោយខ្សែបម្រើម្នាក់ កីឡាករ​«Kevin De Bruyne» និងនៅនាទីទី៧១​ដោយខ្សែបម្រើម្នាក់ទៀត កីឡាករ«Riyad Mahrez»។

មិនត្រឹមតែចាញ់ដោយពិន្ទុទេ តែក្រុមប៉ារីសបានបង់​កីឡាករ​ខ្សែបម្រើ​ម្នាក់ថែមទៀត នៅនាទីទី៧៧។ ខ្សែបម្រើ​របស់​ក្រុមយក្សបារាំង កីឡាករ «Idrissa Gueye» ទទួលបានកាតក្រហមពីអាជ្ញាកណ្ដាល និងត្រូវ​បណ្ដេញចេញ​ពីការប្រកួត បន្ទាប់ពីបានជ្រុសជើង ទៅធាក់ខ្មងជើង​ខ្សែបម្រើ​របស់ក្រុមមេនស៊ីធី កីឡាករ​«Ilkay Gundogan»។

យ៉ាងណា លទ្ធផលនៃការប្រកួតក្នុងថ្ងៃនេះ គ្រាន់តែអាចចាត់ទុកថា ជាការយកប្រៀបមួយ ក្នុងប្រព័ន្ធប្រកួតពីរជុំ របស់ពាន់រង្វាន់អ៊ឺរ៉ុបប្រចាំឆ្នាំ។ ក្រុមទាំងពីរ​នឹងត្រូវជួបគ្នា ដើម្បីយកឈ្នះចាញ់ ក្នុងការប្រកួតជុំទី២ (វគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រដដែល) ដែលនឹង​ប្រព្រឹត្តិទៅ នៅសប្ដាហ៍ខាងមុខ ក្នុងកីឡដ្ឋាន«Etihad Stadium»​របស់ក្រុម​ មេនឆេស្ទ័រស៊ីធី (អង់គ្លេស)។

រីឯការប្រកួត​វគ្គផ្ដាច់ព្រ័ត្រ នឹងត្រូវ​ប្រព្រឹត្តិទៅ នៅក្នុងកីឡដ្ឋាន«Atatürk»​នៃក្រុង អ៊ីស្ដាមប៊ូល (ទួរគី) នៅថ្ងៃសៅរ៍​ទី២៩ ខែឧសភា ឆ្នាំ២០២១​ខាងមុខ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។