បាល់ទាត់

ណីម៉ា ទៅ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើសជាតិ ដោយ​ជិះ… ឧទ្ធម្ភាគចក្រ

កំពូលខ្សែប្រយុទ្ធរបស់ក្រុមប៉ារីស កីឡាករ ណីម៉ា (Neymar) បានយកពេល​ឈប់​សម្រាក​មុនកាលកំណត់ ដើម្បីទៅចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងជំហានត្រៀមប្រកួត យកពានរង្វាន់ទ្វីបអាមេរិក ដែលនឹងប្រព្រឹត្តិទៅ នៅចាប់ពីថ្ងៃទី១៤ ខែមិថុនានេះ រហូតដល់ថ្ងៃទី៧ ខែកក្កដាខាងមុខ។

តែក្នុងខណៈកីឡាករ-មិត្តរូមក្រុមជម្រើសជាតិផ្សេងទៀត បានជ្រើសរើសមធ្យោបាយរថយន្ដ ដើម្បីធ្វើដំណើរទៅកាន់អន្តេវាសិកដ្ឋាន «Granja Comary»  របស់សហព័ន្ធបាល់ទាត់ប្រេស៊ីលនោះ កីឡាករ ណីម៉ា បានជ្រើសរើសយកឧទ្ធម្ភាគចក្រ ជាមធ្យោបាយធ្វើដំណើររបស់ខ្លួន ដោយបានជិះ«កន្ទុំរុយ»ដ៏ធំមួយនេះ ទៅចុះចតនៅក្បែរទីលានហ្វឹកហាត់តែម្ដង។ 

ជាមួយនឹងសម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់ កំពូលតារាបាល់ទាត់ជាតិប្រេស៊ីល បានចុះពីយានធ្វើដំណើររបស់ខ្លួន ហើយបានស្វាគមន៍មនុស្សម្នា ជាពិសេសកុមារទាំងឡាយ ដែលបានរង់ចាំមើលខ្លួន។ បន្ទាប់មក កីឡាករបានចូលក្នុងរថយន្ដធំមួយទៀត ដើម្បីធ្វើដំណើរទៅកាន់ទីហ្វឹកហាត់។

ណីម៉ា បានបញ្ចប់រដូវកាលឆ្នាំ២០១៨-២០១៩ លឿនជាងពេលកំណត់ ដោយហេតុថា កីឡាករទទួលការពិន័យ ពីសំណាក់សហព័ន្ធបាល់ទាត់បារាំង ដោយហាមកីឡាករ មិនឲ្យចូលប្រកួតចំនួន៣ប្រកួត ទាក់ទងនឹងកាយវិការរបស់កីឡាករ តបទៅអ្នកគាំទ្រម្នាក់ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ «France Cup» រវាងក្រុមប៉ារីស និងក្រុមរ៉ែន (Rennes FC) កាលពីចុងខែមេសា។

ប្រភពព័ត៌មានជាច្រើន បានរាយការណ៍ថា កីឡាករបានយកឱកាស នៃការហាមឃាត់ការប្រកួតខាងលើ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលតាំងពីថ្ងៃទី២៥ ខែឧសភា ខណៈកីឡាករប្រេស៊ីលផ្សេងទៀត របស់ក្រុមប៉ារីស គ្រោងទៅដល់ទីលានហ្វឹកហាក់ នៅថ្ងៃអង្គារទី២៨ ខែឧសភានេះ។

» វីដេអូខាងក្រោម ជាការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រ៊េស៊ីល ដែលមានវត្តមានរបស់កីឡាករ ណីម៉ា ផង៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។