Covid-19 ៖ កំពូលខ្សែប្រយុទ្ធពិភពលោក ជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) ស្ថិតក្នុងចំណោមកីឡាករបីនាក់ របស់ក្រុម ប៉ារីស (Paris Saint-Germain – បារាំង) ដែលបានធ្វើតេស្ដិ៍ ចេញលទ្ធផលវិជ្ជមាន ថាមានផ្ទុកមេរោគដ៏អប្រិយ។
«L’Equipe» ដែលជាសារព័ត៌មានកីឡាដ៏ធំ របស់ប្រទេសបារាំង បានបង្ហើបពីករណីរកឃើញ កីឡាករបីនាក់របស់ក្រុម ប៉ារីស ថាមានផ្ទុកមេរោគកូរូណាថ្មី ដែលជាមេរោគជំងឺផ្លូវដង្ហើម បង្កឲ្យមនុស្សច្រើនសែននាក់ បានស្លាប់មកទល់នឹងពេលនេះ។
កីឡាករទាំងបីនាក់ គឺកីឡាករ អង់ហែល ឌីម៉ារីយ៉ា (Angel Di Maria) អង់ឌ្រេ ប៉ារ៉េដេស (Andre Paredes) និងកីឡាករ ណីម៉ា។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍ ក្រុមបាល់ទាត់យក្សបារាំង បានប្រកាសឲ្យដឹងរួចហើយថា ថាខ្លួនបានសង្ស័យ កីឡាករពីរនាក់ ដោយមិនបញ្ចេញឈ្មោះថា ពួកគេអាចផ្ទុកមេរោគខាងលើ ហើយថាបានដាក់កីឡាករទាំងពីរនាក់ ឲ្យនៅដាច់ដាច់ដោយឡែក។
បើតាមសារព័តមានដដែល កីឡាករទាំងពីរនាក់ គឺកីឡាករ ឌីម៉ារីយ៉ា និងកីឡាករ ប៉ារេដេស។
តែនៅថ្ងៃពុធនេះ ក្រុមប៉ារីសបានអះអាងជាផ្លូវការ ថាកីឡាករបីនាក់បានឆ្លងមេរោគ។ អ្នកជំងឺទីបី គឺកីឡាករ ណីម៉ា នេះតែម្ដង។ ក្រុមប៉ារីស អះអាងទៀតថា ខ្លួនបានជូនដំណឹងទៅ «LFP» ដែលជាស្ថាប័នរៀបចំការប្រកួតអាជីព «Ligue 1» នៅក្នុងប្រទេសបារាំងរួចហើយ។
កីឡាករទាំងបីនាក់ បានចេញទៅលំហែកាយ នៅលើកោះ «Ibiza» របស់ប្រទេសអេស្ប៉ាញ ដែលស្ថិតនៅកណ្ដាលសមុទ្រមេឌីទែរ៉ាណេ នៅបន្ទាប់ពីក្រុមប៉ារីស បានទទួលបរាជ័យ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» ទល់នឹងក្រុម បាយ៉ឺន (Bayern Munich – អាល្លឺម៉ង់) កាលពីថ្ងៃអាទិត្យទី ២៣ ខែសីហាកន្លងមក៕