នៅចំពោះព្យុះព្យោមា ដែលកំពុងបោកបក់ ទាក់ទងនឹងបណ្ដឹងចោទប្រកាន់ ពីបទ«រំលោភ» កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បានចេញមុខអះអាងពី«ភាពគ្មានទោសពៃ»របស់ខ្លួន និងបានបរិហារពាក្យបណ្ដឹងនោះ ថាមានបំណងចង់«ជំរិត»អ្វីមួយ ពីខ្លួន។
ពាក្យបណ្ដឹងដ៏ភ្ញាក់ផ្អើល ត្រូវបានយុវតីម្នាក់ ធ្វើឡើងកាលពីសុក្រកន្លងមក ដោយដាក់ឡើងទៅស្នងការនគរបាល ក្រុងសាវ ប៉ាវឡូ (Sao Paulo) នៃប្រទេសប្រេស៊ីល ជុំវិញហេតុការណ៍ដែលម្ចាស់បណ្ដឹង អះអាងថា ជាការចាប់រំលោភសេពសន្ធវៈ ដោយហិង្សា និងបានកើតឡើង កាលពីថ្ងៃទី១៥ ខែឧសភា ក្នុងសណ្ឋាគារ សូហ្វីតែល (Sofitel) ក្នុងសង្កាត់ «Arc de Triomphe» ដ៏ល្បីកណ្ដាលរដ្ឋធានីប៉ារីស ប្រទេសបារាំង។
សម្រាប់កីឡាករខ្សែប្រយុទ្ធ របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain) ពាក្យបណ្ដឹងនោះ មានលក្ខណៈជាជំហាន ទៅរកការ«ជំរិត» បន្ទាប់ពីយុវតីម្ចាស់បណ្ដឹង បានរាយ«អន្ទាក់»ដាក់ខ្លួនរួច។ កីឡាករ ណីម៉ា ដែលពេលនេះ កំពុងហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិប្រេស៊ីល ដើម្បីត្រៀមប្រកួតដណ្ដើមពាន «Copa America» ឬហៅថា ពានរង្វាន់ទ្វីបអាមេរិក បានចេញមុខថ្លែង នៅក្នុងទំព័រអ៊ិនស្ដាហ្គ្រាមរបស់ខ្លួន ដូច្នេះថា៖
«គេបានចោទខ្ញុំ ពីបទចាប់រំលោភ។ ជាការចោទប្រកាន់ដ៏ធ្ងន់ និងដ៏ខ្លាំងមួយ។ តែវាមិនមែនជាអ្វី ដែលបានកើតឡើងទេ។ រឿងនេះ បង្កការភ្ញាក់ផ្អើលណាស់ សម្រាប់ខ្ញុំ ជារឿងដ៏អាក្រក់ និងគួរឲ្យខ្វល់ខ្វាយ ព្រោះអ្នកទាំងឡាយ ដែលបានស្គាល់ខ្ញុំ ដឹងថាខ្ញុំជាមនុស្សរបៀបម៉េច ដឹងថាខ្ញុំមិនធ្វើរឿងរបៀបនេះ ជាដាច់ខាត។»
នៅក្នុងសារជាវីដេអូ ដែលមានរយៈពេលជាង៧នាទីនោះ កីឡាករបានយកសារឆ្លើយឆ្លង រវាងកីឡាករខ្លួនឯង និងយុវតីម្ចាស់បណ្ដឹង មកបង្អូសបង្ហាញ ជាពិសេសបង្ហាញ ពីរូបភាពស៊ិចស៊ីបង្ហាញសាច់ជាច្រើន របស់យុវតីរូបនោះ។ ប៉ុន្តែកីឡាករមិនបានបង្ហាញ ពីអត្តសញ្ញាណរបស់យុវតីម្ចាស់គណនីនោះទេ ដោយបានធ្វើឲ្យស្រអាប់ នៅត្រង់ឈ្មោះ និងមុខរបស់នាង (ដើម្បីរក្សាភាពឯកជនរបស់ម្ចាស់បណ្ដឹង ដែលជាច្បាប់នៅប្រេស៊ីល)។
កីឡាករបន្តថា៖
«ទាំងអស់នេះ ជាទំនាក់ទំនងដែលមានលក្ខណៈឯកជន តែវាចាំបាច់ណាស់ ដែលត្រូវយកវាមកបង្ហាញជាសាធារណៈ ដើម្បីបញ្ជាក់ថា គ្មានអ្វីបានកើតឡើងឡើយ។»
បើតាមសារព័ត៌មានប្រេស៊ីល កីឡាករ ណីម៉ា និងយុវតីម្ចាស់បណ្ដឹង បានទាក់ទងគ្នាដំបូង តាមរយៈទំព័រអ៊ិនស្ដាហ្គ្រាម។ សារព័ត៌មានទាំងនោះ បានពន្យល់ថា កំពូលកីឡាករទំនងជាបានផ្ដល់ទៅឲ្យយុវតីរូបនោះ នូវសំបុត្រយន្ដហោះ ប្រេស៊ីល-បារាំង និងការជួលបន្ទប់សណ្ឋាគារនៅរដ្ឋធានីប៉ារីស បន្ទប់សណ្ឋាគារដែលជាទីកន្លែង នៃការចាប់រំលោភ។
ណីម៉ា និយាយថា៖
«វាជាអន្ទាក់មួយ ហើយខ្ញុំបានធ្លាក់ខ្លួន ជាប់អន្ទាក់នោះមែន នៅទីបំផុត។ ខ្ញុំសង្ឃឹមថា រឿងនេះនឹងជាមេរៀន សម្រាប់ទៅថ្ងៃក្រោយ៕»