កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar Jr) បាន«បន្តកិច្ចសន្យា៣ឆ្នាំ» ទាត់ជាមួយក្រុមប៉ារីស (Paris Saint-Germain បារាំង) រហូតដល់ឆ្នាំ២០២៥។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការ របស់ក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស (បារាំង) នៅរសៀលថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១ មុននេះបន្តិច។
កីឡាករ ណីម៉ា ត្រូវបានផ្ទេរពីក្រុមបាសឺឡូន (Barcelonna FC អេស្ប៉ាញ) កាលពីរដូវក្ដៅ ឆ្នាំ២០១៧ ជាមួយនឹងទឹកប្រាក់រម្លស់កិច្ចសន្យាដ៏មហាសាល (២២២លានអ៊ឺរ៉ូ) មិនធ្លាប់មាន នៅក្នុងពិភពបាល់ទាត់ពិភពលោក។ នៅពេលនោះ កីឡាករបានចុះកិច្ចសន្សាទាត់ ឲ្យក្រុមប៉ារីស សម្រាប់រយៈពេល៥ឆ្នាំ (រហូតដល់ឆ្នាំ២០២២ ឆ្នាំក្រោយ)។
សារព័ត៌មានធំៗ នៅក្នុងប្រទេសបារាំង បានបកស្រាយបន្ថែមថា កិច្ចសន្យាបន្តលេង រវាងកីឡាករ ណីម៉ា និងក្រុមប៉ារីស ត្រូវបានព្រមព្រៀងគ្នា ជាគោលការណ៍ តាំងពីច្រើនសប្ដាហ៍មកហើយ តែភាគីទាំងពីរនៅជជែកគ្នា អំពីចំណុចលំអិតមួយចំនួន ដែលនៅមិនទាន់សម្រេចរួចរាល់។
ការបន្តកិច្ចសន្យារបស់កីឡាករ ណីម៉ា ជាជោគជ័យមួយ ពីក្នុងចំណោមសំនុំរឿងធំពីរ របស់ក្រុមប៉ារីស។ សំនុំរឿងមួយទៀត ដែលក្រុមយក្សបារាំង ចាំបាច់ដោះស្រាយជាបន្ទាន់ដែរនោះ គឺត្រូវបន្តកិច្ចសន្យារបស់ខ្សែប្រយុទ្ធល្បឿនផ្លេកបន្ទោរ កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ដែលនឹងត្រូវបញ្ចប់កិច្ចសន្យា នៅឆ្នាំ២០២២ខាងមុខ៕