លោក«Nasser al-Khelaïfi» នាយកក្រុម ប៉ារីស (Paris Saint-Germain – បារាំង) បានរងការជេរប្រមាថ ពីបណ្ដាអ្នកគាំទ្រក្រុម បាសឺឡូន (FC Barcelone – អេស្ប៉ាញ) នៅពេលលោកនិងក្រុមបាល់ទាត់ បានធ្វើដំណើរទៅដល់សណ្ឋាគារក្នុងក្រុង បាសឺឡូន ក្នុងរសៀលថ្ងៃចន្ទ ដើម្បីត្រៀមប្រកួតក្នុងវគ្គ១ភាគ៨ ជុំទីមួយ ក្របខណ្ឌ «Champions League»។
ការប្រកួតដ៏សំខាន់ នឹងប្រព្រឹត្តិទៅនៅម៉ោង២១ (ម៉ោងក្នុងប្រទេសអេស្ប៉ាញ) យប់ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអេស្ប៉ាញ បានថតពីហេតុការណ៍ជេរប្រមាថ នៅពេលលោក«Nasser al-Khelaïfi» ដើរចេញពីរថយន្ដ ដែលដឹកក្រុមកីឡាករ និងថ្នាក់ដឹកនាំរបស់ក្រុម ប៉ារីស ទៅដល់សណ្ឋាគារមួយ នៃក្រុង បាសឺឡូន។ បណ្ដាអ្នកគាំទ្រក្រុម បាសឺឡូន ដែលមានវត្តមានរប៉េះរប៉ោះ នៅទីនោះបាននាំគ្នាស្រែករំពងឡើង ដោយប្រើពាក្យជេរប្រមាថធ្ងន់ៗ ទៅលើលោក«នាយកក្រុម»បាល់ទាត់។
ពាក្យដែលគេស្ដាប់ឮ មានដូចជា «អាមេចោរ កុំប៉ះពាល់ ម៉េស៊ី (Lionel Messi) !» ឬ«កូនមីសំ… !» ជាដើម។
រឿងរ៉ាវបានកើតឡើង តាំងពីច្រើនសប្ដាហ៍មកហើយ ជុំវិញកំពូលខ្សែប្រយុទ្ធ កីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូន។ នោះ គឺនាយកគ្រប់គ្រងផ្នែកកីឡារបស់ក្រុម ប៉ារីស លោក ឡេអូណាដូ (Leonardo) បានផ្ដល់កិច្ចសម្ភាសទៅឲ្យសារព័ត៌មានក្នុងប្រទេសបារាំង ដោយអះអាងថា ក្រុម ប៉ារីស ត្រៀមយកកីឡាករ ម៉េស៊ី មកទាត់ឲ្យខ្លួន។
បន្ថែមពីលើកិច្ចសម្ភាសខាងលើ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀត ក្នុងប្រទេសបារាំង នៅបានចេញផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ដោយបង្ហាញការជឿជាក់ថា កីឡាករ ម៉េស៊ី នឹងជ្រើសរើសយកក្រុម ប៉ារីស ប្រសិនជាកំពូលខ្សែប្រយុទ្ធរូបនេះ ចាកចេញពីក្រុម បាសឺឡូន។
កិច្ចសន្យារវាងកីឡាករម្ចាស់បាល់មាស់ ៦ជំនាន់ និងក្រុម បាសឺឡូន នឹងចប់នៅចុងរដូវកាលខាងមុខ (ខែមិថុនា ឆ្នាំ២០២១)។ មកដល់ម៉ោងនេះ នៅមិនទាន់មានដំណឹងថា កំពូលខ្សែប្រយុទ្ធរូបនេះ នឹងបន្តកិច្ចសន្យារបស់ខ្លួន ជាមួយក្រុមអ្នកមានបុណ្យ ដែលខ្លួនបានទាត់ឲ្យ តាំងពីឆ្នាំ២០០៤ មកនេះនៅឡើយ។
ការលើកឡើងប៉ះពាល់ដល់កីឡាករ ម៉េស៊ី ដែលត្រូវបានក្រុម បាសឺឡូន និងអ្នកគាំទ្រ ចាត់ទុកដូចជា«ព្រះរស់» មិនបានធ្វើឲ្យពួកគេសប្បាយចិត្តសូម្បីបន្តិច។ ម្ដងហើយម្ដងទៀត ក្រុម បាសឺឡូន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយដែលស្និតនឹងក្រុមបាល់ទាត់ បានប្រតិកម្មតបវិញថា ការទម្លាយរឿងរ៉ាវខាងលើ ជា«យុទ្ធសាស្ត្រ»របស់ក្រុម ប៉ារីស ក្នុងសង្គ្រាម«ចិត្តសាស្ត្រ»មួយ នៅមុនការប្រកួត វគ្គ១ភាគ៨ ជុំទីមួយនេះមកដល់៕