បាល់ទាត់

ម៉េស៊ី ព្រលះក្រុមខ្លួនឯងថា ការប្រកួតនេះ ជារូបភាព​នៃក្រុម​ដ៏ខ្សោយមួយ

ពិបាកទទួលណាស់ សម្រាប់ខ្សែប្រយុទ្ធដ៏ល្បី របស់ក្រុមអ្នកមានបុណ្យ។ ហើយនេះជាអ្វី ដែលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) បានបង្ហាញឲ្យដឹង នៅក្នុងកិច្ចសម្ភាស នៅក្រោយបរាជ័យ របស់ក្រុមខ្លួន ទល់នឹងក្រុម អូសាស៊ូណា (Osasuna) ដែល​ត្រូវបាន​កាត់បន្ថយ​ចំនួនកីឡាករ មកត្រឹមតែ១០នាក់។

ការបរាជ័យ ១-២ ក្នុងកីឡាដ្ឋានខ្លួនឯង ទល់នឹងក្រុម អូសាស៊ូណា ដែលឈរនៅ ចំណាត់​ថ្នាក់​ទី១១ នៃក្របខណ្ឌ​បូក​ពិន្ទុ​«La Liga»​នេះ មិនត្រឹមតែជារឿង គួរឲ្យអាម៉ាសមួយទេ តែអ្វីដែល​​សំខាន់​ជាងនេះ គឺបរាជ័យរបស់ក្រុម បាសឺឡូន (FC Barcelone) បានហុចដាវ​ឲ្យក្រុម រៀល​ម៉ាឌ្រី (Real Madrid) ដែលជា​សត្រូវសួរពូជ ឈ្នះជាជើងឯក​របស់ប្រទេស​អេស្ប៉ាញ ប្រចាំ​រដូវកាល ដោយលើកពានជើងឯក លើកទី៣៤ ក្នុងល្ងាចថ្ងៃព្រហស្បត្តិ៍នេះ ជាស្ថាពរ។

បរិបទខាងលើ ត្រូវបានខ្សែប្រយុទ្ធ ឡេអូ ម្ចាស់បាល់មាស់ ៦ជំនាន់ លើកមកថ្លែង ដើម្បី​ព្រលះ​ក្រុមខ្លួនឯង នៅក្រោយការប្រកួត។ កីឡាករបានថ្លែងថា៖

«ការប្រកួតនេះ បង្ហាញពីរូបភាព នៃក្រុមដ៏ខ្សោយមួយ និងមិនជាក់លាក់ ដែលមិនអាច​យកឈ្នះបានទេ នៅពេលមានការប្រកួតប្រជែង ដ៏ខ្លាំងបំផុតដូច្នេះ។»

«ក្រុមរៀលម៉ាឌ្រី​ត បានធ្វើការងាររបស់ពួកគេ ហើយបានឈ្នះរាល់ការប្រកួត រាប់ចាប់​ពីពេលបើក ឲ្យមានការប្រកួតឡើងវិញ នៅក្រោយវិបត្តិ “Covid-19″។ ផ្ទុយគ្នាស្រឡះ​ពីយើង ដែលបានបាត់បង់ពិន្ទុ យ៉ាងច្រើន ទាំងនៅក្នុងការប្រកួត ដែលយើង​មិនគួរ​ចាញ់​ទាល់តែសោះ។ យើងត្រូវធ្វើស្វ័យទិតៀន ទាំងកីឡាករ ទាំងអស់គ្នា។»

កីឡាករ ម៉េស៊ី បានរំឭកក្រុមទាំងមូល ឲ្យងាកជាបន្ទាន់ ទៅរកការប្រកួត ក្នុងក្របខណ្ឌអ៊ឺរ៉ុប «Champions League» ក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ ដែលក្រុមបាសា ត្រូវជួបក្រុម ណាប៉ូលី (Napoli) ដែលក្រុមដ៏ខ្លាំងមួយ របស់​ប្រទេស​អ៊ីតាលី។ ខ្សែប្រយុទ្ធដ៏ល្បី បានលើកឡើងថា៖

«បើយើងចង់ឈ្នះពាន “Champions League” យើងត្រូវធ្វើការផ្លាស់ប្ដូរច្រើនយ៉ាង ឬបើ​មិនអញ្ចឹងទេ យើងនឹងមិនអាចជម្រុះក្រុម ណាប៉ូលី បានឡើយ (…) នៅក្នុង​ពានអ៊ឺរ៉ុប យើងនៅសល់បួនប្រកួត ហើយពានមួយនេះ នរណាៗក៏ចង់បានវា យកមកកាន់​នឹងដៃ​ដែរ។ តែដើម្បីធ្វើបាន គេត្រូវធ្វើការប្ដូរច្រើនយ៉ាង និងត្រូវធ្វើស្វ័យទិតៀន៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។