ក្រុមបាល់ទាត់យក្ស រៀលម៉ាឌ្រីដ (Real Madrid) និងក្រុម ប៉ារីស (Paris Saint Germain) បានសម្រេចបញ្ឈប់«ការចរចា» ជុំវិញការផ្ទេរកីឡាករ ល្បឿនផ្លេកបន្ទោរ គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ក្នុងយប់ថ្ងៃចន្ទនេះ។ នេះ បើតាមការអះអាងរបស់ប្រព័ន្ធផ្សព្វផ្សាយធំៗ របស់ប្រទេសបារាំង នៅមុននេះបន្តិច។
យ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានបន្ថែមថា ជំហររបស់ក្រុមបាល់ទាត់យក្សទាំងពីរ អាចនឹងផ្លាស់ប្ដូរ ក្នុងរយៈពេល២៤ម៉ោង ដែលនៅសល់ នៃរដូវកាលផ្ទេរកីឡាករឆ្នាំនេះ។
កាលពីសប្ដាហ៍មុន ក្រុម រៀលម៉ាឌ្រីដ បានដាក់កញ្ចប់ប្រាក់នៅលើតុ ចំនួន១៦០លានអ៊ឺរ៉ូ ដើម្បីទិញកីឡាករ គីលីយ៉ាន អឹមបាពេ ពីក្រុម ប៉ារីស។ បន្ទាប់ពីទំហំប្រាក់ខាងលើ ត្រូវបានច្រានចោលភ្លាមៗ ដោយក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីសរួច ក្រុម រៀលម៉ាឌ្រីដ បានស្នើតម្លៃជាលើកទី២ មានចំនួន១៧០លានអ៊ឺរ៉ូ បូក១០លានអ៊ឺរ៉ូបន្ថែម ជាប្រាក់រង្វាន់នៅពេលក្រោយ។
បើតាមវិទ្យុ«RMC SPORT» ដែលអះអាងបន្ថែម ដោយសារព័ត៌មាន«L’Equipe» របស់ប្រទេសបារាំង បានរាយការណ៍ថា ការស្នើតម្លៃជាលើកទី២ បានផុតកំណត់នៅម៉ោង១៨ ល្ងាចថ្ងៃចន្ទទី៣០ ខែសីហា ឆ្នាំ២០២១ ហើយក្រុម ប៉ារីស មិនបានឆ្លើយតបជាវិជ្ជមាន ទៅនឹងកញ្ចប់ប្រាក់ជាលើកទី២ របស់ក្រុម រៀល ឡើយ។
ប្រភពពីប្រទេសអេស្ប៉ាញ ដែលដកស្រង់សំដី ដោយប្រព័ន្ធផ្សព្វផ្សាយខាងលើ បានអះអាងថា ក្រុមអធិរាជអាវសទំនងជាបានលើកឡើង ដោយ«ផ្ទាល់មាត់» អំពីការបន្ថែមកញ្ចប់ប្រាក់ រហូតដល់២០០លានអ៊ឺរ៉ូ និងនៅតែគ្មានចម្លើយពីក្រុមប៉ារីស។ ផ្ទុយទៅវិញ ប្រភពពីក្រុមបាល់ទាត់ ប៉ារីស បានបដិសេធថា គ្មានទំហំទឹកប្រាក់ជាលើកទី៣ ដែលក្រុម រៀល បានស្នើមកខ្លួននោះទេ។
កំពូលខ្សែប្រយុទ្ធជាតិបារាំង អាយុ២២ឆ្នាំ នៅសល់កិច្ចសន្យាទាត់ឲ្យក្រុម ប៉ារីស ត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ (ចប់នៅខែមិថុនា ឆ្នាំ២០២២)។ ក្រោយពីចប់កិច្ចសន្យារួច កីឡាករល្បឿនផ្លេកបន្ទោរ អាចនឹងចេញពីក្រុម ប៉ារីស ហើយមានសិទ្ធិធ្វើកិច្ចសន្យាថ្មី ជាមួយក្រុមបាល់ទាត់ណាដែលខ្លួនចង់ទាត់ឲ្យ។
ប៉ុន្តែដូចបានបញ្ជាក់ជូនខាងលើរួច រដូវកាលផ្ទេរកីឡាករនៅបន្តបើកទ្វារ ចំនួន២៤ម៉ោងទៀត ហើយអ្វីៗអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័ស ពីពេលនេះ ទៅដល់ម៉ោង២៣និង៥៩នាទី យប់ថ្ងៃអង្គារទី៣១ ខែសីហា ឆ្នាំ២០២១។ យើងរង់ចាំមើល ថាតើកីឡាករ គីលីយ៉ាន អឹមបាពេ នឹងបន្តនៅជាមួយក្រុម ប៉ារីស ឬចេញទៅនៅជាមួយក្រុម រៀល ម្ដងវិញ៕