បាល់ទាត់

លីយ៉ូនែល ម៉េស៊ី នឹងមកដល់ ប៉ារីស ក្នុងប៉ុន្មានម៉ោង​ខាងមុខ

បន្ទាប់ពីបានធ្វើឲ្យទន្ទឹង តាំងពីរសៀលថ្ងៃអាទិត្យមក កំពូលខ្សែប្រយុទ្ធ ម្ចាស់បាល់មាស៦ជំនាន់ នឹងមកដល់​រដ្ឋធានី ប៉ារីស ក្នុងប៉ុន្មានម៉ោង​ខាងមុខ (ថ្ងៃអង្គារទី១០ ខែសីហា) តាមជើងយន្ដហោះឯកជនមួយ។ ជាព័ត៌មានក្ដៅ ដែល​បាន​​បង្កភាពរំជើបរំជួល នៅក្នុងពិភពបាល់ទាត់អ៊ឺរ៉ុប តាំងពីច្រើនថ្ងៃមក។

រូបភាពតាមកញ្ចក់ទូរស្សន៍នានា បានបង្ហាញថា កំពូលកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) និង​ក្រុមគ្រួសារ បានឡើងយន្ដហោះឯកជន ដើម្បីហោះចាកចេញ ពីព្រលានយន្ដហោះ នៃក្រុងបាសឺឡូន (Barcelonne – ប្រទេស​អេស្ប៉ាញ) ដើម្បីមកដល់ព្រលានយន្ដហោះ ប៊ួរហ្សេ (Bourget ព្រលានយន្ដហោះ ស្ថិតនៅ​ខាងជើង​រដ្ឋធានី ប៉ារីស) នៅម៉ោងប្រមាណជា១៥ រសៀលថ្ងៃដដែលនេះ។

ប្រព័ន្ធផ្សព្វផ្សាយធំៗ ទាំងក្នុងប្រទេសអេស្ប៉ាញ និងនៅក្នុងប្រទេសបារាំង បានអះអាងថា អតីតខ្សែប្រយុទ្ធ​របស់​ក្រុម បាសឺឡូន ទទួលភ្លើងខៀវ​ពីមេធាវីរបស់ខ្លួន ហើយនឹងចុះហត្ថលេខាទាត់ឲ្យក្រុម ប៉ារីស (Paris Saint Germain) របស់​ប្រទេសបារាំង សម្រាប់រយៈពេល២ឆ្នាំទៅមុខ ហើយអាចបន្តបាន​មួយឆ្នាំបន្ថែមទៀត។ កីឡាករនឹង​ទទួលបាន​ប្រាក់បៀវត្សរ៍ ប្រមាណជា៣៥លានអ៊ឺរ៉ូ ក្នុងមួយរដូវកាល។

បន្ទាប់ពីជាន់ជើង ដល់រដ្ឋធានីប៉ារីស កីឡាករនឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យសុខភាព នៅមន្ទីរពេទ្យ«Americain» ដែល​ជំនាញខាងកីឡា មុននឹងចុះហត្ថលេខា ទៅលើកិច្ចសន្យាដែលបានព្រមព្រៀងគ្នារួច ជាមួយក្រុម​បាល់ទាត់​យក្សបារាំង ដែលសម្បូរដោយកីឡាករល្បីៗ ដូចយ៉ាងកីឡាករ ណីម៉ា (Neymar) អ៊ឹមបាពេ (Kylianne Mbappe) ឌីម៉ារីយ៉ា (Angel Di-maria) ឬ រ៉ាម៉ូស (Siergio Ramos) ជាដើម។

តារាបាល់ទាត់​អាយុ៣៤ឆ្នាំ នឹងបង្ហាញខ្លួនជាសាធារណៈ និងថ្លែងជាផ្លូវការ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំ​ឡើង​ដោយក្រុម ប៉ារីស នៅព្រឹកថ្ងៃពុធស្អែក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។