លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) អតីតគ្រូបង្វឹករបស់ក្រុម ថូទេនហាម (Tottenham – អង់គ្លេស) នឹងក្លាយជាគ្រូបង្វឹករបស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) បន្ទាប់ពីលោក តូម៉ាស់ ធូហែល (Thomas Tuchel) ដែលត្រូវបានបណ្ដេញចេញ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែធ្នូនេះ។
សារព័ត៌មានកីឡាធំៗ នៅក្នុងប្រទេសបារាំង បានផ្សាយដំណឹងនេះ រួចជាស្រេចហើយ តែដំណឹងដ៏អន្ទះសារ មិនទាន់ត្រូវបានប្រកាស ឲ្យដឹងជាផ្លូវការ ដោយក្រុមប៉ារីសខ្លួនឯងនៅឡើយ។
សារព័ត៌មានទាំងនោះ បានអះអាងថា លោក ប៉ូឆិនទីណូ បានព្រមព្រៀងជាមួយក្រុមប៉ារីស ដើម្បីទទួលបន្ទុក ដឹកនាំក្រុមបាល់ទាត់ នៃរដ្ឋធានីប៉ារីស ដែលសម្បូរដោយកំពូលកីឡាករល្បីៗ។ កិច្ចសន្យារវាងលោក ប៉ូឆិនទីណូ នឹងមានរយៈពេល រហូតដល់ចុងឆ្នាំ២០២៣។
បើតាមបណ្ដាញវិទ្យុ និងទូរទស្សន៍ «RMC Sport» បានអះអាងទៀតថា នៅខណៈនេះលោក ប៉ូឆិនទីណូ កំពុងធ្វើដំណើរមកកាន់ប្រទេសបារាំង ហើយការចុះកិច្ចសន្យា ជាមួយក្រុមប៉ារីស អាចនឹងត្រូវធ្វើ ក្នុងប៉ុន្មានថ្ងៃខាងមុខ។
លោក ប៉ូឆិនទីណូ ជាគ្រូបង្វឹកជាតិអាហ្សង់ទីន។ កាលពីលោកនៅជាកីឡាករ លោកធ្លាប់បានលេង ឲ្យក្រុមប៉ារីស រវាងពីឆ្នាំ២០០១ មកទល់នឹងឆ្នាំ២០០៣ និងថែមទាំងមានឋានៈ ជាប្រធានក្រុមកីឡាករ នៅពេលនោះទៀតផង។
គ្រូបង្វឹកអាយុ៤៨ឆ្នាំរូបនេះ បានចូលមកដឹកនាំក្រុម ថូទេនហាម នៅឆ្នាំ២០១៤ និងបាននាំក្រុមបាល់ទាត់ នៃតំបន់ភាគខាងជើងរាជធានីឡុង ឲ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត ជាច្រើនដង។ តែលោកត្រូវបានក្រុម ថូទេនហាម បណ្ដេញចេញ នៅខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីលទ្ធផលដ៏អាក្រក់ ជាបន្តបន្ទាប់ នៃការប្រកួត។
នៅក្នុងរយៈពេល នៃភាពទំនេររបស់លោក បុរសជាតិអាហ្សង់ទីន តែងបានបង្ហើប ឲ្យគេឯងដឹងថា លោកតែងមានបំណង ចូលទៅបង្វឹកក្រុមប៉ារីស ដែលជាក្រុមបាល់ទាត់យក្សមួយ ទាំងនៅក្នុងប្រទេសបារាំង និងនៅក្នុងក្របខណ្ឌអ៊ឺរ៉ុប។
បើសិនជាដំណឹងខាងលើ នឹងត្រូវចេញផ្សាយជាផ្លូវការនោះ លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ នឹងនាំមកជាមួយ នូវគ្រូបង្វឹករងចំនួនពីរនាក់ គឺលោក «Jesus Perez» និងលោក «Miguel D’Agostino»៕