លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ (Mauricio Pochettino) ត្រូវបានក្រុមប៉ារីស (Paris Saint-Garmain – បារាំង) តែងតាំងជាគ្រូបង្វឹក ជាផ្លូវការ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ។ បុរសជាតិអាហ្សង់ទីន អាយុ៤៨ឆ្នាំ បានចុះកិច្ចសន្យាជាមួយក្រុមយក្សបារាំង សម្រាប់រយៈពេលរហូតដល់ខែមិថុនា ឆ្នាំ២០២២ ដោយអាចពន្យាពេល បាន១ឆ្នាំបន្ថែមទៀត។
គ្រូបង្វឹករូបនេះ បានចូលធ្វើជាអ្នកដឹកនាំក្រុមបាល់ទាត់ របស់ក្រុមប៉ារីស បន្តពីលោក ថូម៉ាស ធូហែល (Thomas Tuchel) គ្រូបង្វឹកជាតិអាល្លឺម៉ង់ ដែលត្រូវបានបណ្ដេញចេញ កាលពីយប់ថ្ងៃទី២៣ ចូលមកព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មួយថ្ងៃមុនបុណ្យណូអែល។
លោក ប៉ូឆិនទីណូ មិនបានដឹកនាំ-បង្វឹកក្រុមណាផ្សេងទៀតទេ បន្ទាប់ពីលោក ត្រូវបានក្រុមថូទែនហាម (Tottenham – អង់គ្លេស) បណ្ដេញចេញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៩នោះមក។ ការចុះកិច្ចសន្យាជាមួយក្រុម ប៉ារីស ក៏ត្រូវបានកត់សម្គាល់ផងដែរ អំពីការវិលត្រឡប់របស់លោក មកកាន់ក្រុមបាល់ទាត់មួយ ដែលលោកធ្លាប់លេងឲ្យ ក្នុងនាមជាកីឡាករខ្សែការពារ រវាងពីឆ្នាំ២០០១ មកទល់នឹងឆ្នាំ២០០៣។
ក្នុងប្រតិកម្មតំបូងបង្អស់ របស់លោក បន្ទាប់ពីចុះកិច្ចសន្យា ជាផ្លូវការ លោក ម៉ូរីស៊ីយ៉ូ ប៉ូឆិនទីណូ បានបង្ហាញពីក្ដីរំភើបរបស់លោក ដែលបានត្រឡប់មកកាន់ក្រុមប៉ារីសវិញ។ លោកថា៖
«ខ្ញុំពិតជាចង់បង្កើតឲ្យមានជាថ្មី នូវទំនាក់ទំនងដ៏ល្អ ដែលខ្ញុំធ្លាប់មាន ជាមួយអ្នកគាំទ្រ។ ក្រុមបាល់ទាត់ដ៏ធំ ដូចប៉ារីស មិនគ្រាន់តែត្រូវមានជ័យជំនះពីរាល់ការប្រកួតទេ តែត្រូវតែមានជ័យជំនះ ប្រកបដោយវិធីសាស្ត្រ ដ៏ពិសេស។»
នៅជាមួយកំពូលកីឡាករដ៏ល្បីៗ ដូចយ៉ាងកីឡាករ ណីម៉ា (Neymar Jr) និងកីឡាករ អ៊ឹមបាពេ (Kylian Mbappé) ជាដើមនោះ គ្រូបង្វឹកជាតិអាហ្សងទីន បានបញ្ជាក់ពីគោលដៅ ដែលលោកមាន ដើម្បីដឹកនាំ-បង្វឹកក្រុមថា៖
«គោលដៅរបស់យើង គឺត្រូវធ្វើយ៉ាងណា ដើម្បីឲ្យទាំងអស់គ្នា ត្រូវបានទាត់បាល់ ក្នុងទិសដៅតែមួយ។ យើងចង់បង្កើឲ្យមាន នូវផ្នត់គំនិតមួយ ទស្សនៈវិជ្ជាមួយ នៅក្នុងក្រុមរបស់យើង ហើយទាំងអស់គ្នា ត្រូវគោរពតាម។ ជាពិសេស យើងត្រូវមានបំណងរួមគ្នាថា យើងត្រូវរកជ័យជំនះសម្រាប់ក្រុម មុនអ្វីៗទាំងអស់។ យើងចង់បានក្រុមបាល់ទាត់មួយ ដែលខ្លាំង ដែលមានហេដ្ឋារចនាសម្ព័ន្ធខ្លាំង៕»