បាល់ទាត់

ខ្សែប្រយុទ្ធ«Marcus Thuram» ស្ដោះទឹកមាត់​ដាក់គូប្រកួត

ខ្សែប្រយុទ្ធ របស់ក្រុម «Borussia Mönchengladbach» កីឡាករ «Marcus Thuram» ត្រូវបានបណ្ដេញចេញ ពីការប្រកួត បន្ទាប់ពីអាជ្ញាកណ្ដាល បានមើលតាមរយៈវីដេអូ ឃើញកីឡាកររូបនេះ ស្ដោះទឹកមាត់​ដាក់គូប្រកួត។

ហេតុការណ៍កើតឡើង ក្នុងការប្រកួតជុំទី១៣ ក្របខណ្ឌ «Bundesliga» របស់ប្រទេសអាល្លឺម៉ង់ រវាងក្រុមបាល់ទាត់ខាងលើ ទល់នឹងក្រុម «Hoffenheim» ក្នុងយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

នៅខណៈការប្រកួត កំពុងប្រព្រឹត្តិទៅ មកដល់នាទីទី៧៩ ហើយក្រុមទាំងពីរ មានគ្រាប់បាល់ស្មើ់គ្នា ១-១ នោះ ជម្លោះទាស់ទែងគ្នា រវាងកីឡាករ «Marcus Thuram» ជាតិបារាំង និងកីឡាករ «Stefan Posch» ខ្សែការពារ​ជាតិអូទ្រីស របស់ក្រុម «Hoffenheim» បានកើតឡើង។

តែការឆ្លើយឆ្លងគ្នានោះ បានរីករាលដាល កាន់តែខ្លាំង ព្រោះកីឡាករ «Marcus Thuram» បានស្ដោះទឹកមាត់ ទៅលើគូប្រកួតខ្លួន។ អាជ្ញាកណ្ដាល លើទីលាន ដែលត្រូវបានអន្តរាគមន៍ ដោយអាជ្ញាកណ្ដាលវីដេអូ បានឃើញរូបភាពនេះ ហើយបានដកកាតក្រហម បណ្ដេញខ្សែប្រយុទ្ធជាតិបារាំង ចេញពីការប្រកួត។

ក្រៅពីរងការបណ្ដេញចេញរួច ក្រុម «Borussia Mönchengladbach» ដែលមានចំណាត់ថ្នាក់ លេខ៨ បានទទួលបរាជ័យថែមទៀត ព្រោះក្រុម «Hoffenheim» (នៅចំណាត់ថ្នាក់ទី១១) បានរកគ្រាប់បាល់​មួយថែមទៀត នៅនាទីទី៨៦ (១-២)។

ការខាកស្ដោះ ទៅលើគូប្រកួត ជាអំពើអសីលធម៌ និងត្រូវរងការពិន័យធ្ងន់ធ្ងរ ពីគណៈកម្មការវិន័យ របស់ស្ថាប័នរៀបចំ «Bundesliga»។ កីឡាករធ្វើទង្វើនេះ អាចរងទណ្ឌកម្ម ដោយហាមឃាត់ការចូលប្រកួត រហូតដល់១០ប្រកួត ឬស្មើនឹង៣ខែ។

នៅក្រោយការប្រកួតខាងលើ បានប៉ុន្មាននាទី កីឡាករ «Marcus Thuram» បានបង្ហាញសារសុំទោស នៅលើបណ្ដាញសង្គមទ្វីសធើរ អះអាងថាខ្លួន​បានធ្វើទង្វើ​ខុសឆ្គង ដែលជាឧប្បត្តិហេតុ និងទង្វើដោយអចេតនា។ ខ្សែប្រយុទ្ធជាតិបារាំង ដែលទើបត្រូវជ្រើសរើស ចូលក្រុម​ជម្រើសជាតិបារាំង បានសរសេរបន្តថា៖

«ខ្ញុំសុំទោស អ្នកទាំងអស់គ្នា ក្នុងនោះ “Stefan Posch” – គូប្រកួតទាំងឡាយ – មិត្តរួមក្រុម – គ្រួសាររបស់ខ្ញុំ និងអ្នកទាំងឡាយ ដែលបាន​ឃើញ​ទង្វើនេះ។ ប្រាកដហើយថា ខ្ញុំនឹងទទួលយក នូវផលវិបាកទាំងឡាយ (ទណ្ឌកម្ម) ដែលកើតចេញ ពីកាយវិការមួយនេះ។»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។