បាល់ទាត់

«Greenwood» ខ្សែប្រយុទ្ធក្រុម មេនយូ រងការឃុំខ្លួន ពីបទរំលោភ

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ របស់ក្រុម មេនយូ (Manchester United) កីឡាករ «Mason Greenwood» ត្រូវបាននគរបាលចាប់ឃុំខ្លួន ជាបណ្ដោះអាសន្ន ក្រោមបទសង្ស័យ ថាបានប្រព្រឹត្តិអំពើហិង្សា និងរំលោភ។ នេះ តាមដំណឹងទម្លាយឲ្យដឹង ដោយប្រព័ន្ធផ្សព្វផ្សាយ «BBC» របស់ចក្រភពអង់គ្លេស។

សេចក្ដីប្រកាសព័ត៌មាន របស់នគរបាលក្រុង មេនឆេស្ទើ (Manchester) បានឲ្យដឹងថា ខ្លួនទទួលបានព័ត៌មាន ជុំវិញរូបភាពនៅលើបណ្ដាញសង្គម ដែលបង្ហោះពីអំពើហិង្សា ដែលបានកើតឡើងចំពោះរូបនាង។ នគរបាលបញ្ជាក់ទៀតថា បានចាប់ខ្លួនបុរសម្នាក់ អាយុប្រមាណជា២០ឆ្នាំ យកទៅដាក់ឃុំជាបណ្ដោះអាសន្ន (ក្នុងរយៈពេលមួយ ដើម្បីស៊ើបអង្កេត) ក្នុងថ្ងៃអាទិត្យ ទី៣០ ខែមករា ក្រោមបទប្រព្រឹត្តិហិង្សា និងរំលោភផ្នែកផ្លូវភេទ ទៅលើគូស្នេហ៍របស់ខ្លួន។ 

បើទោះជានគរបាល មិនបានបញ្ចេញឈ្មោះជនសង្ស័យក៏ដោយ ក៏បណ្ដាញផ្សព្វផ្សាយ «BBC» បានអះអាងថា ជននោះគ្មាននរណផ្សេង ក្រៅពីកីឡាករ «Mason Greenwood» ខ្សែប្រយុទ្ធរបស់ក្រុម បីសាចក្រហមអង់គ្លេស នោះឡើយ។

កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែមករា នាង «Harriet Robson» ដែលគេស្គាល់ថា ជាគូស្នេហ៍របស់កីឡាករខាងលើ បានបង្ហោះរូបថត វីដេអូ និងខ្សែអាត់សម្លេងជាច្រើន នៅលើទំព័រអ៊ិនស្ដាហ្គ្រាមរបស់នាង បង្ហាញឲ្យឃើញពីស្លាកស្នាមជាំ នៅលើស្បែក និងជាពិសេស រូបភាពវីដេអូបង្ហាញពីឈាមធ្លាក់​ចេញ​ពីមាត់នាង​ (ក្នុងវីដេអូខាងក្រោម – តែសូមប្រយ័ត្ន ! អាចប៉ះពាល់ដល់អារម្មណ៍)។

នៅលើរូបភាពទាំងនោះ មានសរសេរអក្សរឡើងថា៖

«សម្រាប់អ្នកទាំងឡាយណា ដែលចង់ដឹងថា តើ “Mason Greenwood” បានធ្វើអ្វីចំពោះរូបខ្ញុំ ក្នុងពេលនេះ។»

ក្នុងខ្សែអាត់សម្លេង គេស្ដាប់ឮបុរសម្នាក់ ដែលទំនងជាសម្លេងរបស់កីឡាករ «Mason Greenwood» បង្ខំនាងឲ្យរួមភេទជាមួយខ្លួន បើទោះជាស្ត្រីស្នេហ៍បានបដិសេធ ជាច្រើនដងក្ដី។ គេបានឭបុរសព្រមានគូស្នេហ៍ថា៖

«ច្រានអញចេញម្ដងទៀងសាកលមើល៍ ហងឯងនឹងដឹងថា មានរឿងអ្វីនឹងកើតឡើង !»

តាំងពីព្រឹកថ្ងៃអាទិត្យ ទី៣០ ខែមករា (មុនចំណាត់ការរបស់នគរបាល) ក្រុម មេនយូ បានប្រកាសផ្អាកកីឡាករ «Mason Greenwood» ចេញពីរាល់ការប្រកួតទាំងអស់ រហូតដល់មានបទបញ្ជាជាថ្មី។

នាវេលារសៀលថ្ងៃដដែល ពោលគឺនៅក្រោយចំណាត់ការរបស់នគរបាល ក្រុមបីសាចក្រហមអង់គ្លេស បានចេញសេចក្ដីប្រកាសព័ត៌មាន  ឲ្យដឹងបន្ថែមថា ខ្លួនមិនអត់ឱនឲ្យជាដាច់ខាត់ ចំពោះអំពើហិង្សា ទោះក្នុងទម្រង់ណាក៏ដោយ។ ប៉ុន្តែក្រុមបាល់ទាត់យក្សមួយនេះ បានបញ្ជាក់ថា ខ្លួនមិនធ្វើអត្ថាធិប្បាយណាផ្សេងឡើយ នៅក្នុងខណៈនៃការស្វែងរកការពិត កំពុងស្ថិតក្នុងការស៊ើបអង្កេតនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។