បាល់ទាត់

សារព័ត៌មាន​អ៊ីតាលី លត់​ក្រុម​សេះបង្កង់ ក្រោយ​ប្រកួត​ចាញ់ លីយ៉ុង

CHAMPIONS LEAGUE 2020៖ មួយថ្ងៃក្រោយប្រកួតចាញ់ ក្រុម លីយ៉ុង (Olympique Lyonais – បារាំង) ដោយពិន្ទុ ១-០ សារព័ត៌មានក្នុងប្រទេសអ៊ីតាលី បានចុះផ្សាយអត្ថបទ រិះគន់ក្រុម ជូវេនទូស ហៅសេះបង្កង់ (Juventus Turin – អ៊ីតាលី) យ៉ាងព្រោងព្រាត និងយ៉ាងចាស់ដៃ។

នៅទំព័រមុខ របស់សារព័ត៌មាន «Tuttosport» ដែលគេស្គាល់ថា មានទំនោរមកក្រុម សេះបង្កន់ បានចេះផ្សាយថា «នេះ មិនមែនជាក្រុម ជូវេនទូស ទេ»។ កាសែតតំបន់ ជំនាញខាងកីឡា មួយនេះ បានស្រង់លទ្ធផល របស់ក្រុមបាល់ទាត់ខាងលើ ដែលជាប់ជាជើងឯក របស់ប្រទេសអ៊ីតាលី កាលពីឆ្នាំមុន មកពន្យល់ថា រាប់ពីដើមឆ្នាំនេះមក ក្រុមសេះបង្កង់ បានទាត់ចាញ់ ៣ដង និងស្មើ១ដង នៅគ្រប់ក្របខណ្ឌទាំងអស់ ដែលមានតែ៧ការប្រកួត។

សារព័ត៌មានបានបញ្ជាក់ថា តុល្យភាពនេះ ខុសឆ្ងាយ ពីលទ្ធផលក្នុងឆ្នាំមុនៗ ដែលក្រុមនេះ តែងទទួលបាន។

ក្រុម សេះបង្កង់អ៊ីតាលី ដែលគេជឿថា ជាបេក្ខជនមួយ ដែលអាចលើកពានជើងឯកអ៊ឺរ៉ុប ឆ្នាំនេះបាន បានទាត់ចាញ់ក្រុម តោបារាំង ក្នុងការប្រកួត១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Champions League» កាលពីយប់ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ក្នុងកីឡដ្ឋាន «Groupama Stadium» ភាគខាងត្បូង ប្រទេសបារាំង។

ចំណែកកាសែតកីឡាមួយទៀត ឈ្មោះ «Gazzetta dello Sport» បានដាក់ចំណងជើង «នៅឯណាទៅ ក្រុម ជូវេនទូស?» ហើយសរសេររិះគន់ក្រុមនេះថា បានបញ្ចេញថ្វីជើង «ដ៏តិចតួច» និង«រយីករយាក» តាមរយៈកីឡាករខ្សែបម្រើ បីនាក់ «Bentancur – Pjanic – Rabiot»។

សារព័ត៌មាននេះ សរសេរថា៖

«ហេតុដូចម្ដេច បានជាក្នុងរយៈពេល ៩០នាទីជាងនេះ ក្រុម ជូវេនទូស (ដែលជាប់ជាជើងឯកអ៊ីតាលី) រកគ្រាប់បាល់ ដែលទាត់ឲ្យចំទីក្រុម លីយ៉ុង (ដែលជាប់នៅលេខ៧ នៃក្របខណ្ឌ Ligue 1) មិនបាន សូម្បីតែមួយគ្រាប់សោះអញ្ចឹង?»

«ជាបរាជ័យ ដែលមិនអាចទាយទុកជាមុន និងគួរឱ្យខ្លាច៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។