ខ្សែបម្រើប្រកបដោយទេពកោសល្យ របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid) និងក្រុមជម្រើសជាតិ នៃប្រទេសក្រូអាស៊ី កីឡាករ លូកា ម៉ូឌ្រិក (Luka Modric) បានបន្តតំណែង ពីកំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្យាណូ រូណាល់ដូ (Cristiano Ronaldo) សម្រាប់ឆ្នាំ២០១៨នេះ ដោយឈ្នះជាម្ចាស់ «បាល់មាស» នៅក្នុងពិធីប្រកាសរង្វាន់នេះ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីយប់ម៉ិញ។
កីឡាករ លូកា ម៉ូឌ្រិក ដែលមានវ័យ៣៣ឆ្នាំ ត្រូវបានគេស្គាល់ថា មានថ្វីជើងដ៏កំពូល ក្នុងដំណើម គ្រប់គ្រង និងបញ្ជូនបាល់ នៅរៀងរាល់ចេញប្រកួត ម្ដងៗ។ កាលពីឆ្នាំទៅ កីឡាករបានលើកពានរង្វាន់ «Champions League» ជាមួយក្រុម រៀលម៉ាឌ្រីដ ហើយកាលពីប៉ុន្មានខែមុននេះ កីឡាករក៏បានឡើង ទៅទាត់ដល់វគ្គផ្ដាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិក្រូអាស៊ី នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (ក្នុងប្រទេសរ៉ុស្ស៊ី) ដែរ។
ជាមួយ«បាល់មាស»នៅក្នុងដៃ កីឡាករបានថ្លែងឡើង ទៅកាន់ពិធីចែករង្វាន់ថា៖
«គឺជាអារម្មណ៍ពិសេស ដែលមានតែម្ដង។ ខ្ញុំមានមោទនភាពណាស់ ហើយជាកិត្តិយសថែមទៀត។ វាពិបាកណាស់ ដើម្បីនិយាយចេញឲ្យអស់ តែខ្ញុំចង់អរគុណអ្នកទាំងអស់គ្នា ដែលបានអនុញ្ញាតឲ្យខ្ញុំ មានវត្តមាននារាត្រីនេះ។ (…) បាល់មាស គឺជាអ្វីដែលខ្ញុំបានសុបិន្ត តាំងពីខ្ញុំនៅជាកុមារ។ ពិតជាមានកិត្តិយសណាស់ ដែលបានឈ្នះពានរង្វាន់មួយនេះ ហើយក៏កាន់តែមិនគួរឲ្យជឿបានដែរ ដែលខ្ញុំបានបន្តតំណែង ពីកំពូលកីឡាករពីរនាក់ ម៉េស៊ី និង រ៉ូណាល់ដូ ក៏ដូចជាកំពូលកីឡាករផ្សេងទៀត។»។
ការឈ្នះរង្វាន់ «បាល់មាស» របស់កីឡាករ លូកា ម៉ូឌ្រិក បានបិទបញ្ចប់សម័យកាលឆ្លាស់គ្នា រវាងកីឡាករតែពីរ គឺកីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ និងកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ដែលតែងប្ដូរវេនគ្នា ឈ្នះជាម្ចាស់បាល់មាសនេះ ប្រមាណជា១០ឆ្នាំ កន្លងមកហើយ។ ក្នុងឆ្នាំនេះ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ បានធ្លាក់មកនៅចំណាត់ថ្នាក់ លេខ២ ខណៈកំពូលខ្សែប្រយុទ្ធជាតិអាហ្សង់ទីន ធ្លាក់ទៅដល់ចំណាត់ថ្នាក់ លេខ៥។
ផ្ទុយទៅវិញ ការខកចិត្តខ្លាំងជាងគេ គឺចំណាត់ថ្នាក់ របស់កំពូលតារាបាល់ទាត់មួយរូប ដែលមានឈ្មោះល្បី នៅជុំវិញពិភពលោក។ កីឡាកររូបនោះ ជាខ្សែប្រយុទ្ធរបស់ក្រុម ប៉ារីស (Paris Saint-Germain) ឈ្មោះ ណីម៉ា (Neymar)។ ផ្ទុយពីឆ្នាំមុនៗ ដែលកីឡាករ ណីម៉ា តែងស្ថិតនៅក្នុងចំណោមចំណាត់ថ្នាក់១០នាំមុខគេ នៅឆ្នាំនេះ កីឡាករបានធ្លាក់ទៅដល់លេខ១២។
ចំណាត់ថ្នាក់ដ៏អាក្រក់ ដែលទំនងមកពីរដូវកាលមុន កីឡាករ ណីម៉ា បានរងរបួស ហើយបង្កការខកខាន ចេញប្រកួតអស់ជាច្រើនខែ។ មិនត្រឹមតែប៉ុណ្ណឹង នៅពេលចេញទៅទាត់ នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក កីឡាករ ណីម៉ា និងក្រុមជម្រើសជាតិ ប្រេស៊ីល មិនទទួលបានលទ្ធផល គួរជាទីគាប់ចិត្តនោះទេ។
ខាងក្រោមនេះ ជាចំណាត់ថ្នាក់ទាំងស្រុង នៃកីឡាករទាំង៣០ ដែលត្រូវបានជ្រើសរើស ជាបេក្ខជនដណ្ដើមយក «បាល់មាស»៖