បាល់ទាត់

«ហង្សក្រហម»​បំបាក់​ជើងឯក​អាល្លឺម៉ង់ ដើម្បី​ឆ្លងវគ្គ​យ៉ាងអង់អាច

បើទោះជាក្នុងរដូវកាលនេះ ក្រុមលីវើភូល (Liverpool FC) ហៅ«ហង្សក្រហម» បានប្រកួតចាញ់បីលើក នៅក្នុងការប្រកួតវគ្គជម្រុះនោះក្ដី តែក្នុងការប្រកួត«ត្រឡប់»យប់នេះ ទល់នឹងក្រុម បាយ៉ឺនអាល្លឺម៉ង់ (Bayern Munich) ក្រុម«ហង្សក្រហម»បានទប់ទល់ និងវាយបកវិញបានយ៉ាងល្អ ហើយបានឈ្នះនៅទីបំផុត ១-៣ ដែលអនុញ្ញាតឲ្យខ្លួន ទទួលសំបុត្រដើម្បីដើរឆ្លង ទៅវគ្គ១ភាគ៤ (ឬវគ្គ៨ក្រុម)។

ក្នុងការប្រកួត«ទៅ» កាលពីបីសប្ដាហ៍មុន ក្រុមទាំងពីរទទួលបានលទ្ធផល ត្រឹមតែ ០-០ ប៉ុណ្ណោះ។ តែនៅក្នុងការប្រកួតយប់នេះ ក្រុមលីវើភូល រកគ្រាប់បាល់បានដំបូង (០-១) នៅនាទីទី២៦ ដោយកីឡាករ «Sadio Mané» មុននឹងត្រូវក្រុមជើងឯកអាល្លឺម៉ង់ រកគ្រាប់បាល់ស្មើមកវិញ (១-១) នៅនាទីទី៣៩ ដោយកីឡាករ «Joel Matip»។

យ៉ាងណា នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមហង្សក្រហម ដែលរងការវាយលុក យ៉ាងខ្លាំងក្លាពីសំណាក់ក្រុមបាយ៉ឺននោះ បានឆ្លៀតឱកាសចន្លោះប្រហោង របស់ខ្សែការពាររបស់គូប្រជែង រកគ្រាប់បាល់បានមួយគ្រាប់ទៀត (១-២) នៅនាទីទី៦៩ ដោយកីឡាករ «Virgil van Dijk»។

នាំមុខមុនមួយគ្រាប់ បង្កឲ្យក្រុមបាយ៉ឺនហាក់អស់សង្ឃឹម ដោយហេតុថា ការប្រកួតនៅលើទឹកដីរបស់ខ្លួន ចាប់បាច់ត្រូវយកជ័យជំនះ លើកក្រុមគូប្រកួត ដើម្បីអាចឆ្លងវគ្គបាន ពោលគឺក្រុមបាយ៉ឺន ត្រូវរកឲ្យបានពីរគ្រាប់ ក្នុងពេលនេះ។

ប៉ុន្តែការមានប្រៀរបស់ក្រុម«ហង្សក្រហម» ជំរុញឲ្យក្រុមនេះធ្វើការការពារ យ៉ាងល្អឥតខ្ចោះ រហូតរកបានគ្រាប់បាល់ទី៣ (១-៣) នៅនាទីទី៨៤ ដោយកីឡាករ «Sadio Mané» ជាថ្មីទៀត និងធ្វើឲ្យក្រុមជើងឯកអាល្លឺម៉ង់ ត្រូវបង្ខំចិត្តលើកទង់ជ័យសជាស្ថាពរ (ព្រោះពេលនេះ ត្រូវរកឲ្យបានបីគ្រាប់ ខណៈដល់ចុងបញ្ចប់នៃការប្រកួត)។

ក្រុមបាយ៉ឺនវិញ ទទួលបរាជ័យផ្ទួនៗ ជាច្រើនឆ្នាំជាប់គ្នា នៅក្នុងក្របខណ្ឌប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League»។

នៅក្នុងការប្រកួតវិលជុំបូកពិន្ទុ «Bundesliga» នៅក្នុងប្រទេសអាល្លឺម៉ង់វិញ ក្រុមជើងឯកច្រើនជំនាន់មួយនេះ ក៏រកបានចំណាត់ថ្នាក់​លេខ១ ទាំងប្រផិតប្រផើយដែរ ដោយត្រូវប្រជែងជាមួយក្រុម ដ័រមូន (Dortmund) ដែលត្រូវបានជម្រុះចេញពី «Champions League» កាលពីសប្ដាហ៍មុន បន្ទាប់ពីប្រកួតចាញ់ក្រុមស្ពឺរ របស់អង់គ្លេស៕

» វីដេអូសង្ខេបនៃការប្រកួត «ត្រឡប់» រវាងក្រុមលីវើភូល និងក្រុមបាយ៉ឺន៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។