បាល់ទាត់

អ៊ឹមបាពេ ចង់​ក្លាយ​ខ្លួន​ជា​គ្រូ​បង្វឹក​បាល់ទាត់​ម្នាក់

ទើបនឹងមានវ័យ២០ឆ្នាំ ក្នុងថ្ងៃនេះ (ថ្ងៃនេះ ជាថ្ងៃបុណ្យកំណើតកីឡាករ) កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) បានបង្ហាញពីមហិច្ឆតារបស់ខ្លួន សម្រាប់ពេលអនាគតរួចជាស្រេច។ ខ្សែប្រយុទ្ធ របស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) បានគ្រោងក្លាយខ្លួន ជា«គ្រូបង្វឹក» បន្ទាប់ពីអាជីពជាកីឡាករបាល់ទាត់ នៅថ្ងៃនេះ។

ក្នុងកិច្ចសម្ភាសន៍មួយ ជាមួយសារព័ត៌មានបារាំង «Le Parisien» កីឡាករបានលើកឡើងថា៖ «ខ្ញុំសង្ឃឹមថា ខ្ញុំនឹងក្លាយជាគ្រូបង្វឹក។ ឪពុក និងឪពុកមារបស់ខ្ញុំ បានបង្ហាញពីផ្លូវនេះ ដល់ខ្ញុំជាមុនហើយ ហើយជំនាញនៅក្នុងបាល់ទាត់ បានផ្ដល់ជំនក់ចិត្ត ដល់ខ្ញុំខ្លាំងណាស់។»។

សព្វថ្ងៃ ឪពុកកីឡាករ កំពុងបង្ហាត់ក្រុមបាល់ទាត់វ័យក្មេង នៅក្នុងក្រុង «Bondy» ស្ថិតនៅភាគខាងជើងរដ្ឋធានី ប៉ារីស ខណៈឪពុកមាកីឡាករ កំពុងបង្ហាត់ក្រុមបាល់ទាត់វ័យក្មេង នៅក្នុងក្រុង «Levallois» ស្ថិតនៅខាងលិច និងក្រុង «Ivry» ស្ថិតនៅខាងត្បូងរដ្ឋធានី ប៉ារីស។

កីឡាករ អ៊ឹមបាពេ ដែលទើបនឹងលើកពាន បាល់ទាត់ពិភពលោក កាលពីខែកក្កដាកន្លងទៅ បានបន្តទៀតថា៖ «ខ្ញុំជាមនុស្សម្នាក់ ដែលស្រឡាញ់ការចុះជាប់ នៅលើទីលានប្រកួត អញ្ចឹងខ្ញុំសង្ឃឹមថា ខ្ញុំនឹងមិនចាកចេញ ពីមជ្ឈដ្ឋានមួយនេះទេ»៕

មនោរម្យ.អាំងហ្វូ

ការិយាល័យនិពន្ធ យកព័ត៌មាន និងកិច្ចការអង្កេត-ស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។