បាល់ទាត់

រវាង មែនញូ និងមូរីញ៉ូ ចប់​ជាស្ថាពរ​ហើយ!

លោក ចូហ្សេ មូរីញ៉ូ (José Mourinho) លែងជាគ្រូបង្វឹករបស់ក្រុម មែនឆេស្ទ័រយូណាយធីត (Manchester United) ទៀតហើយ។ ក្រុមបាល់ទាត់ នៃចក្រភពអង់គ្លេស បានប្រកាសឲ្យដឹងនៅមុននេះបន្តិច តាមរយៈសេចក្ដីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់បន្ថែមថា ការចាកចេញរបស់លោក មូរីញ៉ូ នឹងត្រូវអនុត្តន៍ ក្នុងពេលនេះភ្លាមតែម្ដង។

សេចក្ដីប្រកាសព័ត៌មាន បានសរសេរថា៖ «គ្រូបង្វឹកស្ដីទីមួយរូប នឹងត្រូវតែងតាំង ដើម្បីទទួលបន្ទុកបង្វឹកក្រុម រហូតដល់ចប់រដូវកាល ក្នុងខណៈពេលដែលក្លឹប នឹងស្វែងរកគ្រូបង្វឹកថ្មី សម្រាប់ធ្វើការពេញម៉ោង»។

កិច្ចការបង្វឹកនៅក្រុម មេនញូ ពីសំណាក់​លោក ចូហ្សេ មូរីញ៉ូ អាយុ៥៥ឆ្នាំ មិនសូវជាទទួលបាន​លទ្ធផល​ល្អ​ប៉ុន្មានទេ។ លោកបានមកកាន់តំណែង នៅខែឧសភា ឆ្នាំ២០១៦ បន្តពីលោក ល្វី វ៉ានហ្គាល់ (Louis van Gaal) ដែលត្រូវបានបណ្ដេញចេញដែរ។

ប្រសិនជាលោក មូរីញ៉ូ ដែលមានរហស្សនាម «The Special One» បានដឹកនាំក្រុម ឲ្យឈ្នះពាន «Europa League» «Community Shield Cup» និង «League Cup» តាំងពីរដូវកាលដំបូងក្ដី ប៉ុន្តែលោក មូរីញ៉ូ មិនបានដឹកនាំក្រុម «បីសាចក្រហម» ឲ្យឈ្នះជាជើងឯកអង់គ្លេស (នៃការប្រកួតជុំបូកពិន្ទុ) បានម្ដងណាឡើយ។ ក្រុម មេនញ៉ូ ដែលក្រោមការដឹកនាំរបស់លោក ទទួលបានលេខ ៦ ក្នុងរដូវកាល២០១៦-២០១៧ និងទទួលបានលេខ ២ ក្នុងរដូវកាល ២០១៧-២០១៨។

សម្រាប់រដូវកាលថ្មីនេះ (២០១៨-២០១៩) និងបន្ទាប់ពីបានប្រកួត ១៩លើករួចមក ក្រុម មេនញ៉ូ រកបានចំណាត់ថ្នាក់ ត្រឹមតែលេខ ៦ប៉ុណ្ណោះ និងមាន ១៩ពិន្ទុ តិចជាងក្រុម លីវើភូល (Liverpool) ដែលជាប់លេខ១ និងជាគូសត្រូវបាល់ទាត់ របស់ខ្លួន។ ការប្រកួតចុងក្រោយបំផុត ជាមួយក្រុម ហង្សក្រហម (Liverpool) កាលពីចុងសប្ដាហ៍ ថ្មីៗនេះ ក្រុម បីសាចក្រហម បានចាញ់យ៉ាងអាម៉ាស ជាមួយនឹងពិន្ទុ ៣-១។

សម្រាប់ការប្រកួត ដណ្ដើមជើងឯកអ៊ឺរ៉ុប (Champions League) វិញ ក៏ក្រុម មែនញូ មិនសូវជារកបាន លទ្ធផល​ល្អប៉ុន្មានដែរ (លេខពីរក្នុងពូល)។ នៅខែកុម្ភៈខាងមុខ ក្រុមនេះនឹងត្រូវជួប ជាមួយក្រុម ប៉ារីស (Paris Saint-Germain) ក្នុងការប្រកួត វគ្គ១ភាគ៨​ផ្តាច់ព្រ័ត្រ (ឬវគ្គ១៦ក្រុម) ខណៈអ្នកតាមដានបាល់ទាត់ បានគិតជាមុនថា ក្រុមប៉ារីស​មានប្រៀប ច្រើនជាងក្រុមមេនញូ ប្រសិនជាលោក មូរីញ៉ូ បន្តដឹកនាំ និងនៅធ្វើជាគ្រូបង្វឹក។

គួរកត់សម្គាល់ដែរថា កាលពីបីឆ្នាំមុន លោក ចូហ្សេរ មូរីញ៉ូ ក៏ត្រូវបានក្រុម ឆែលស៊ី (Chelsea) បណ្ដេញចេញ ពីតំណែងជាគ្រូបង្វឹកដែរ។ កាលនោះ លោកត្រូវបានគេមើលឃើញថា បាន«បែរខ្នង»ដាក់កីឡាករជាច្រើន ដែលសុទ្ធតែមានថ្វីជើង និងមានទឹកមាត់ប្រៃ នៅក្នុងក្រុម។

សម្រាប់ពេលនេះ ក្នុងក្រុម មេនញូ លោកក៏មានទំនាក់ទំនងមិនល្អ ជាមួយកីឡាករជាច្រើនដែរ ជាពិសេសកីឡាករ ប៉ូល ប៉ូកបា (Paul Pogba) ដែលត្រូវបានក្រុម មេនញូ ទិញមកពីក្រុម ជូវេនទូស (Juventus) ដោយតម្លៃដ៏ខ្ពស់ (១១០លានអ៊ឺរ៉ូ) ហើយដែលទើបលើកពាន បាល់ទាត់ពិភពលោក ជាមួយក្រុមមាន់គក់បារាំង កាលពីខែកក្កដាកន្លងទៅ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។