បាល់ទាត់

អ៊ឹមបាពេ បង្ហោះសារ​តបនឹង​ពាក្យចចាមអារាម​ថា ត្រូវ​ក្រុមផ្សេង​ទិញយក

ពាក្យចចាមអារាម ដែលអះអាងថា កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) ត្រូវ​ក្រុមផ្សេង​ទិញយក បានផ្ទុះឡើង បើទោះជាពិភពបាល់ទាត់ បានស្ងប់សកម្មភាព ព្រោះការរាតត្បាត នៃពីជំងឺ «Covid-19» នោះក្ដី។ ក្រុមផ្សេងនោះ មានដូចជា ក្រុមលីវើភូល (Liverpool FC) និងក្រុម រៀលម៉ាឌ្រីត (Real Madrid) ជាដើម។

តែពាក្យចចាមអារាម មិនមែនទើបតែកើតមាន ក្នុងពេលនេះទេ ព្រោះតាំងពីរដូវកាលកន្លងទៅ ក៏ដំណឹងនៃការទិញយកខ្សែប្រយុទ្ធវ័យក្មេង ដែលមានល្បឿនផ្លេកបន្ទោរ របស់ក្រុមប៉ារីស ត្រូវបានធ្វើឲ្យលេចឮ ផ្អើលអស់ទាំងពិភពបាល់ទាត់ដែរ។ តែនៅទីបំផុត កីឡាករ គីលីយ៉ាន អ៊ឹមបាពេ នៅតែបន្តទាត់ ឲ្យក្រុមអ្នកមានថ្មី នៃប្រទេសបារាំងដដែល។

នៅពេលនេះ ក៏ទំនងជាដូចគ្នា។ នៅចំពោះពាក្យចចាមអារាម ដែលចេញតែបែកធ្លាយ ម្ដងហើយម្ដងទៀត កីឡាករវ័យក្មេងខ្លួនឯង បានចេញមុខមកបង្ហោះសារ នៅលើបណ្ដាញសង្គមទ្វីសធើរ ដោយមានសេចក្ដីថា៖

«នរណាៗក៏និយាយ តែគ្មាននរណាម្នាក់ ដឹងរឿងនេះច្បាស់ទេ។ ខ្ញុំនឹកក្រុមបាល់ទាត់ របស់ខ្ញុំណាស់។»

សារខាងលើ ត្រូវបានកីឡាករ សរសេរភ្ជាប់មកជាមួយ នូវរូបបេះដូងចំនួនពីរ មានពណ៌ក្រហម និងខៀវ ដែលពណ៌របស់ក្រុមប៉ារីស (Paris Saint-Germain)។

គួរបញ្ជាក់ដែរថា ជើងឯកពិភពលោក ជាមួយក្រុមជម្រើសជាតិបារាំង កីឡាករ អ៊ឹមបាពេ មានកិច្ចសន្យារយៈពេល៥ឆ្នាំ ទាត់ឲ្យក្រុមប៉ារីស គឺចាប់ពីឆ្នាំ២០១៧ រហូតដល់ឆ្នាំ២០២២៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។