បាល់ទាត់

[ដំណឹងផ្លូវការ] អ៊ឹមបាពេ បន្ត​កិច្ចសន្យា​៣ឆ្នាំ ជាមួយក្រុម ប៉ារីស

ខ្សែប្រយុទ្ធល្បឿនផ្លេកបន្ទោរជាតិ​បារាំង កីឡាករ គីលីយ៉ាន អ៊ឹមបាពេ (Kylian Mbappé) បានសម្រេចនៅទីបំផុត បន្ត​កិច្ចសន្យា​៣ឆ្នាំ ជាមួយក្រុម ប៉ារីស – ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain – បារាំង) ដែលទើបនឹងឈ្នះ ជាជើងឯកបារាំង ក្នុងក្របខណ្ឌ «Ligue 1» ឆ្នាំ២០២១-២០២២នេះ។

ជាដំណឹងផ្លូវការ ដែលធ្លាក់មកដល់ នៅក្បាលព្រលប់​ថ្ងៃសៅរ៍ ទី២១ ខែឧសភា ឆ្នាំ២០២២ ប៉ុន្មាននាទីមុន​ការប្រកួត រវាងក្រុម ប៉ារីស ទល់នឹង ក្រុម ម៉េស្ស៍ (FC Metz) ដែលជាការប្រកួត​ជុំចុងក្រោយ (ជុំទី៣៨) នៃក្របខណ្ឌក្របខណ្ឌ​បូក​ពិន្ទុ «ligue 1» និងជាដំណឹង​ដ៏កក្រើក ដែលបានបិទបញ្ចប់ព័ត៌មានទាំងឡាយ ជុំវិញការចាកចេញ របស់កីឡាករ​រូបនេះ ពីក្រុម ប៉ារីស ទៅកាន់ក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) តាំងពីច្រើនខែមកហើយ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយជាផ្លូវការ ដោយក្រុម ប៉ារីស បានអះអាងថា ខ្សែប្រយុទ្ធរបស់ខ្លួន គឺកីឡាករ អ៊ឹមបាពេ បាន​«បន្ត​កិច្ចសន្យា​៣ឆ្នាំ» ដើម្បីលេងឲ្យ​ក្រុមបាល់ទាត់ នៃ​រដ្ឋធានី ប៉ារីស រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ កិច្ចសន្យាលើកមុន របស់ កីឡាករ​ល្បឿនផ្លេកបន្ទោររូបនេះ នឹងត្រូវបញ្ចប់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២២ ពោលគឺជាងមួយខែខាងមុខ។

នៅក្នុងការពិធីប្រកាសពីការបន្តកិច្ចសន្យា នៅក្នុងកីឡដ្ឋាន «Parc des Princes» មុនការប្រកួតរវាងក្រុម ប៉ារីស ទល់នឹងក្រុម ម៉េស្ស៍ កីឡាករ អ៊ឹមបាពេ បានថ្លែងឡើងថា៖

«ខ្ញុំមានសេចក្ដីរីករាយណាស់ ដែលនៅរដ្ឋធានី ប៉ារីស បន្តទៀត ដែលជាទឹកដីភូមិកំណើតខ្ញុំ។ ខ្ញុំតែងតែនិយាយ​រួចហើយ ថានេះជាផ្ទះ​របស់ខ្ញុំ។ ខ្ញុំចង់បន្ដឈ្នះពានរង្វាន់ ជាច្រើនទៀត ជាមួយអ្នកទាំងអស់គ្នា៕»

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។