បាល់ទាត់

អ៊ីកាឌី ក្លាយជា​កីឡាករ​ពេញសិទ្ធិ របស់​ក្រុម​ប៉ារីស សម្រាប់​៤ឆ្នាំ

ទីបំផុតទៅ កីឡាករ ម៉ូរូ អ៊ីកាឌី (Mauro Icardi) ខ្សែប្រយុទ្ធជាតិ អាហ្សង់ទីន បានចុះ​កិច្ចសន្យា​លេង ឲ្យក្រុមប៉ារីស (Paris Saint-Germain – បារាំង) ជាផ្លូវការហើយ បន្ទាប់​ពីត្រូវបានខ្ចី មកលេងឲ្យក្រុមមួយនេះ អស់រយៈពេល ពេញមួយឆ្នាំ កន្លងមកនោះ។

ខ្សែប្រយុទ្ធអាយុ២៧ឆ្នាំ បានចុះកិច្ចសន្យា លេងឲ្យក្រុមជើងឯក របស់ប្រទេសបារាំង សម្រាប់​រយៈពេល​៤ឆ្នាំ ពោលគឺរហូតដល់​ថ្ងៃទិ៣០ ខែមិថុនា ឆ្នាំ២០២៤។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប៉ារីស បានអះអាងពីដំណឹងនេះ ហើយអះអាងថា ក្នុង​រយៈពេលត្រឹមតែមួយឆ្នាំ កីឡាករ អ៊ីកាឌី បានទាត់បញ្ចូលទី បាន២០គ្រាប់ និងបញ្ជូន​បាល់ ឲ្យគេទាត់​បញ្ចូលទី បាន៤គ្រាប់។

សារព័ត៌មានក្នុងប្រទេសបារាំង បានអះអាងថា ក្រុមប៉ារីសបានចំណាយប្រាក់ សម្រាប់​ផ្ទេរ​កីឡាកររូបនេះ ពីក្រុម អាំងទែរមីឡង់ (Inter Milan – អ៊ីតាលី) ក្នុងទឹកប្រាក់ ប្រមាណ​ជា ៥០លានអ៊ឺរ៉ូ។ ទឹកប្រាក់ផ្ទេរខាងលើ មានកម្រិត​ថោកជាងទឹកប្រាក់ ទាមទារ​ពីមុន ដែលមានរហូតដល់ ៧០លានអ៊ឺរ៉ូ។

គួរបញ្ជាក់ដែរថា នេះជាការផ្ទេរកីឡាករ ដ៏ធំសម្បើម​ជាងគេ និងដំបូងគេបង្អស់ រាប់ចាប់​តាំង​ពី​ជំងឺ «Covid-19» បានរាតត្បាត​ទ្វីបអ៊ឺរ៉ុប ធ្វើឲ្យផ្អាករាល់ការប្រកួត​ទាំងអស់​រួចមក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។