បាល់ទាត់

ម៉ារីយ៉ូ ចុះកិច្ចសន្យា​លេង​ឲ្យក្រុម ម៉ារសីយ៍ (បារាំង)

ជាព័ត៌មានផ្លូវការ! ដូចដែលបានរង់ចាំ ដោយអ្នកគាំទ្រក្រុម ម៉ារសីយ៍ (Olympique de Marseille – បារាំង) កីឡាករ ម៉ារីយ៉ូ បាឡូតេនី (Mario Balotelli) ខ្សែប្រយុទ្ធដ៏ចំណាន ជាតិអ៊ីតាលី បានចុះហត្ថលេខា លេងឲ្យក្រុមបាល់ទាត់ ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង សម្រាប់រយៈពេល៦ខែ ជាមួយនឹង​លទ្ធភាព​បន្តកិច្ចសន្យា ច្រើនឆ្នាំទៅមុខ។

កីឡាករ ម៉ារីយូ អាយុ២៨ឆ្នាំ បានលុបកិច្ចសន្យា ពីក្រុម នីស (OGC Nice – បារាំង) និងបានមកចុះកិច្ចសន្យា ជាមួយក្រុម ម៉ាសីយ៍ ដោយគ្មានចំណាយប្រាក់ ដើម្បីការផ្ទេរកីឡាករ អ្វីទាំងអស់។

នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើង​ដោយ​ក្រុម ម៉ាសីយ៍ ដែលទើបនឹងបញ្ចប់ទៅ កាលពីប៉ុន្មាននាទីមុន កីឡាករ «Super Mario» បានថ្លែងឡើង ដោយបញ្ចេញសំណើចតិចៗថា៖

«ខ្ញុំរង់ចាំឲ្យសន្និសីទកាសែតនេះ បញ្ចប់ទៅឲ្យបានឆាប់ នឹងអាលខ្ញុំចេញ ទៅហ្វឹកហាត់ ជាមួយមិត្តរួមក្រុម ហើយអាចចេញទាត់ នៅថ្ងៃសុក្រខាងមុខនេះ ក្នុងការប្រកួតទល់នឹងក្រុម លីល្ស៍ (LOSC Lille – បារាំង)។»

យ៉ាងណា គ្រូបង្វឹករបស់ក្រុម ម៉ាសីយ៍ លោក រូឌី ហ្គាស្យា (Rudi Garcia) បានថ្លែងថា ខ្សែប្រយុទ្ធថ្មីថ្មោងរូបនេះ នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចេញទាត់ នៅយប់ថ្ងៃសុក្រ ខាងមុខនេះទេ៕

Mercato – Balotelli

Level completed ✅ #OMnation

Posted by Olympique de Marseille on Wednesday, January 23, 2019
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។