បាល់ទាត់

«រន្ទះជើងឥតមេត្តា»របស់ ថូម៉ាស មូល័រ (បាយឺន)

កីឡាករ ថូម៉ាស មីល័រ (Thomas Muller) កំពូលខ្សែប្រយុទ្ធ របស់ក្រុម បាយឺនម៉ូនិឆ ( – អាល្លឺម៉ង់) ត្រូវបានអាជ្ញាកណ្ដាល ដកកាតក្រហម បណ្ដេញចេញពីការប្រកួត បន្ទាប់ពីកីឡាកររូបនេះ បានលើកជើងដ៏ខ្ពស់របស់ខ្លួន ដើម្បីទទួលបាល់ តែបានទៅប៉ះក្បាល​កីឡាករ «Nicolas Tagliafico» របស់ក្រុម អាហ្សាក (Ajax Amsterdam – ហូឡង់)។

ហេតុការណ៍បានកើតឡើង នៅនាទីទី៧៥ នៃការប្រកួតរវាងក្រុមទាំងពីរ ក្នុងជុំចុងក្រោយ វគ្គជម្រុះ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីយប់ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ។

រូបភាព«យឺតៗ» ដែលបង្ហាញ​នៅតាមកញ្ចក់ទូរទស្សន៍ មានសភាពគួរឲ្យព្រឺរោមណាស់ នៅពេលដែលសន្ធឹកជើង របស់កីឡាករ អាល្លឺម៉ង់ បានទៅប៉ះនឹងក្បាលកីឡាករខ្សែការពារ របស់ក្រុម អាហ្សាក់។

ជាកាយវិការប្រកបដោយគ្រោះថ្នាក់ បើទោះជាគេមើលដឹងថា កីឡាករ មូល័រ មិនបានមើលឃើញកីឡាករ «Nicolas Tagliafico» ដែលនៅខាងក្រោយខ្លួន ក៏ដោយ។ សំណាងល្អ សម្រាប់ក្រុម បាយឺន ដែលទទួលបានលទ្ធផលស្មើ «៣-៣» ជាមួយក្រុម អាហ្សាក់ ហើយនៅតែរក្សាចំណាត់ថ្នាក់ទីមួយ របស់ខ្លួន នៅក្នុងពូល «E»។

នៅលើបណ្ដាញសង្គមវិញ រូបភាពចំអកជាច្រើន ចំពោះកាយវិការខាងលើ របស់កីឡាករ មូល័រ ត្រូវបានបង្ហោះព្រោងព្រាត។ អ្នកខ្លះ ថែមទាំងយករូបភាពលើកជើងដ៏ខ្ពស់ របស់កីឡាករ យកទៅប្រៀបធៀបនឹងរូបសញ្ញា របស់ក្របខណ្ឌប្រកួតអាជីព «» របស់ប្រទេសអាល្លឺម៉ង់នោះផងទៀត៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។