ប្រធានផុតអាណត្តិ នៃសហព័ន្ធបាល់ទាត់អន្តរជាតិ «ហ្វីហ្វា (FIFA)» លោក «Gianni Infantino» ត្រូវបានជ្រើសតាំងសារជាថ្មី សម្រាប់អាណត្តិទី២របស់លោក ដើម្បីបន្តដឹកនាំស្ថាប័នបាល់ទាត់អន្តរជាតិមួយនេះ រហូតដល់ឆ្នាំ២០២៣។
ក្នុងមហាសន្និបាត នៃសហព័ន្ធបាល់ទាត់អន្តរជាតិ ដែលប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស ប្រទេសបារាំង នាព្រឹកថ្ងៃពុធនេះ លោក «Gianni Infantino» គឺជាបេក្ខជនតែមួយគត់ សម្រាប់តំណែងជាប្រធានសហព័ន្ធ។
លោក «Gianni Infantino» អាយុ៤៩ឆ្នាំ ត្រូវបានសម្រេចឲ្យបន្តតំណែង ដោយមិនចាំបាច់បោះឆ្នោត នៅចំពោះសហព័ន្ធជាសមាជិក ចំនួន២២១ ពីគ្រប់ជ្រុងនៅក្នុងពិភពលោក។ បុរសជាតិស្វីសរូបនេះ បានជាប់ឆ្នោតឡើងជាប្រធាន «ហ្វីហ្វា» កាលពីឆ្នាំ២០១៦ បន្តពីប្រធានមុន គឺលោក «Sepp Blatter» ដែលបានលាលែងពីតំណែង។
ការបន្តតំណែងរបស់លោក «Gianni Infantino» ធ្វើឡើងនៅពីរថ្ងៃមុន ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក «ផ្នែកស្ត្រី» ដែលនឹងត្រូវប្រព្រឹត្តិទៅ ក្នុងប្រទេសបារាំង ចាប់ពីថ្ងៃទី៧ ខែមិថុនា រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩នេះ។
ប៉ុន្តែការបន្តតំណែងនេះ ក៏ជាបំណងប្រាថ្នារបស់លោកខ្លួនឯង តាំងពីមួយឆ្នាំមុនដែរ។ លោក «Gianni Infantino» បានថ្លែងនៅពេលនោះថា លោកចង់បន្តការខិតខំប្រឹងប្រែងរបស់លោក ក្នុងការធ្វើឲ្យសហព័ន្ធបាល់ទាត់អន្តរជាតិ ក្លាយជាស្ថាប័នគំរូ និងមានតម្លាភាព នៃពិភពកីឡា ដែលមានប្រជាប្រិយជាងគេ៕