បាល់ទាត់

កីឡាករ​ឆ្នើមបំផុត ​ក្នុង​«Euro 2020» ចុះកិច្ចសន្យាលេងឲ្យ​​ក្រុមប៉ារីស

អ្នកចាំទីជាតិអ៊ីតាលី កីឡាករ«Gianluigi Donnarumma» ដែលត្រូវបានជ្រើសតាំង ជា«កីឡាករ​ឆ្នើមបំផុត» ក្នុង​ព្រឹត្តិការណ៍ដណ្ដើមពាន​«Euro 2020» ក្នុងប៉ុន្មានសប្ដាហ៍កន្លងមក បានចុះកិច្ចសន្យា​មានរយៈពេល៥ឆ្នាំ ដើម្បី​លេងឲ្យក្រុមបាល់ទាត់​យក្សបារាំង នៅថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប៉ារីស (Paris Saint-Germain) ដែលចេញផ្សាយនៅប៉ុន្មាននាទីមុន បាន​ឲ្យដឹង​ថា កីឡាករចាំទីអាយុ២២ឆ្នាំ បានក្លាយជាកីឡាករ របស់ក្រុមប៉ារីស រហូតដល់ចុងរដូវកាល ឆ្នាំ២០២៦។

នៅក្នុងកិច្ចចុះហត្ថលេខានេះ ក្រុមប៉ារីសមិនបាន​បង់ប្រាក់​មួយសេនណា ដើម្បីទិញកីឡាកររូបនេះទេ ដោយ​ហេតុថា កីឡាករបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមមីឡង់ (AC Milan) ដែលខ្លួនបានហ្វឹកហាត់ជាមួយ និងលេងឲ្យជា​លក្ខណៈ​អាជីព តាំងពីអាយុ១៦ឆ្នាំមក។

បន្ទាប់ពីចុះហត្ថលេខារួច កីឡាករនឹងចេញទៅលំហែកាយ ប្រមាណជា២សប្ដាហ៍ ក្នុងក្របខណ្ឌនៃវិសមកាលរដូវក្ដៅ ដែលកីឡាករទើបនឹង​ទទួលបាន បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ «Euro 2020» និងទទួលជ័យជំនះ ដោយបាន​លើក​ពាន ជាប់ជាជើងឯករួចរាល់ ជាមួយក្រុម​ជម្រើសជាតិអ៊ីតាលី៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។