បាល់ទាត់

អតីតប្រធាន UEFA ត្រូវបានដោះលែង ក្រោយពីឃុំខ្លួនអស់ច្រើនម៉ោង

អតីតប្រធានសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» លោក មីឆែល ផ្លាទីនី (Michel Platini) បានចាកចេញ ពីការិយាល័យនគរបាលយុត្តិធម៌ កាលពីរំលងអាធ្រាតយប់ម៉ិញ បន្ទាប់ពីត្រូវអាជ្ញាធរបារាំង ឃាត់ខ្លួនទុកអស់ជាច្រើនម៉ោង ដើម្បីស៊ើបអង្កេតពាក់ព័ន្ធ នឹងការផ្ដល់សិទ្ធិឲ្យប្រទេសកាតា រៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។

លោក «William Bourdon» មេធាវីរបស់លោក ផ្លាទីនី ត្រូវបានទូរទស្សន៍ក្នុងស្រុកស្រង់សំដី មកបញ្ជាក់ថា «ការឃាត់ខ្លួននោះ ត្រូវបានបញ្ចប់» នៅមុនម៉ោង១ទៀបភ្លឺ។ លោកបានហៅហេតុការណ៍ នៃការឃាត់ខ្លួននេះ គ្រាន់តែធ្វើឡើង ដើម្បី«បង្កឲ្យមានការភ្ញាក់ផ្អើល»ប៉ុណ្ណោះ។

មេធាវីបានបន្តថា៖

«ការឃុំខ្លួននេះ ត្រូវបានមើលឃើញ ដោយកូនក្ដីរបស់ខ្ញុំ ថាជាអំពើអយុត្តិធម៌ និងមិនសមាមាត្រ។»

លោក មីឆែល ផ្លាទីនី ដែលជាអតីតតារាបាល់ទាត់បារាំង ក្នុងទសវត្សរ៍ឆ្នាំ៨០ ត្រូវបានអាជ្ញាធរឃាត់ខ្លួន ដើម្បីស៊ើបអង្កេត កាលពីម្សិលម៉ិញ ក្នុងការិយាល័យនគរបាលយុត្តិធម៌ នៃក្រសួងមហាផ្ទៃ (OCLCIFF) ដែលស្ថិតក្នុងក្រុង ណង់ទែរ (Nanterre) ជាយក្រុងខាងលិច នៃរដ្ឋធានីប៉ារីស។

អតីតមេដឹកនាំស្ថាប័ន «UEFA» រូបនេះ បានថ្លែងឡើងថា៖

«នៅពេលខ្ញុំបានចូលខ្លួន ក្នុងនាមជាអ្នកបំភ្លឺ ដោយគ្មានជាប់ពាក់ព័ន្ធអ្វីនោះ គេបែរជាដាក់ឃុំខ្ញុំភ្លាមៗ។ គួរឲ្យឈឺចាប់ណាស់។»

លោកបានឲ្យដឹងទៀតថា លោកត្រូវបានក្រុមអ្នកស៊ើបអង្កេត សាកសួរយ៉ាងច្រើន ពីព្រឹត្តិការណ៍បាល់ទាត់អ៊ឺរ៉ុប ក្នុងប្រទេសបារាំង ឆ្នាំ២០១៦ បាល់ទាត់ពិភពលោក ក្នុងប្រទេសរ៉ុស្ស៊ី ឆ្នាំ២០១៨ និងនៅក្នុងប្រទេសកាតារ ឆ្នាំ២០២២ រួមនឹងសំនួរច្រើនទៀត ទាក់ទងនឹងក្រុមបាល់ទាត់ ប៉ារីសសាំងហ្សែរម៉ាំង និងសហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA»។

លោកថា៖

«ជានិច្ចកាល ខ្ញុំមិនបានបារម្ភអ្វី ចំពោះសំនួរទាំងនោះទេ ព្រោះខ្ញុំមិនជាប់ពាក់ព័ន្ធ នឹងសំនុំរឿងណាមួយ ពីក្នុងចំណោមសំនុំរឿងទាំងអស់នេះឡើយ។»

អាជ្ញាធរក៏បានឃាត់ខ្លួនអ្នកស្រី «Sophie Dion» អតីតទីប្រឹក្សាទទួលបន្ទុកកីឡា របស់អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ដែរ តែបានដោះលែងអ្នកស្រី ឲ្យមានសេរីភាពវិញ ក្នុងយប់ដដែល។

ការឃាត់ខ្លួនទាំងនេះ ធ្វើឡើងក្នុងក្របខណ្ឌ នៃការស៊ើបអង្កេតបឋម ជុំវិញការផ្ដល់សិទ្ធិរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ទៅឲ្យប្រទេសរ៉ុស្ស៊ី ក្នុងឆ្នាំ២០១៨ និងទៅឲ្យប្រទេសកាតា ក្នុងឆ្នាំ២០២២ខាងមុខ ក្រោមការសង្ស័យពីបទ «ប្រព្រឹត្តិអំពើពុករលួយឯកជន – ឃុបឃិតប្រព្រឹត្តិបទល្មើស – ការប្រើអំណាច​ដើម្បីជះឥទ្ធិពល និងការឃុបឃិតគ្នា ជួយបិតបាំងអំពើល្មើស»៕

ក. កេសរ កូល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ អ្នកនាង កេសរ កូល មានជំនាញខាងព័ត៌មានក្នុងស្រុក និងព័ត៌មានក្នុងតំបន់អាស៊ី ប៉ាស៊ីភិក។