បាល់ទាត់

ស៊ែរជោ រ៉ាម៉ូស នឹងចុះកិច្ចសន្យា​ទាត់ឲ្យក្រុម ប៉ារីស

កំពូលខ្សែការពារជាតិអេស្ប៉ាញ កីឡាករ ស៊ែរជោ រ៉ាម៉ូស (Sergio Ramos) កំពុងត្រៀមចុះកិច្ចសន្យា លេងឲ្យក្រុម ប៉ារីស (Paris Saint-Germain) បន្ទាប់ពីបានព្រមព្រៀងគ្នារួចរាល់ ក្នុងរសៀលថ្ងៃចន្ទនេះ។ នេះ បើតាមសេចក្ដី​រាយការណ៍ របស់សារព័ត៌មានកីឡាបារាំង «L’Equipe» ដែលចេញផ្សាយ នៅមុននេះបន្តិច។

សារព័ត៌មានបានអះអាងថា កីឡាករដ៏ល្បី អាយុ៣៥ឆ្នាំ ដែលបានបញ្ចប់កិច្ចសន្យា ជាមួយក្រុមរៀលម៉ាឌ្រីដ (Real Madrid) កាលពីខែមិថុនា​កន្លងមកថ្មីៗ គ្រោងនឹងឆ្លងកាត់ការពិនិត្យសុខភាព នៅថ្ងៃអង្គារស្អែក មុននឹងចុះ​ហត្ថលេខា​​នៅលើកិច្ចសន្យា ជាមួយក្រុមបាល់ទាត់ នៃរដ្ឋធានីរបស់ប្រទេសបារាំង។

មកដល់ម៉ោងនេះ គេនៅមិនទាន់ដឹងថា កិច្ចសន្យាខាងលើ នឹងមានរយៈពេលប៉ុន្មានឆ្នាំទេ។ តែប្រព័ន្ធផ្សព្វផ្សាយ​បារាំងផ្សេងទៀត បានបង្ហើប​ឲ្យដឹងថា កីឡាករ ស៊ែរជោ រ៉ាម៉ូស នឹងទាត់ឲ្យក្រុម ប៉ារីស សម្រាប់រយៈពេល១ឆ្នាំ ហើយ​អាចបន្តបន្ថែម ១ឆ្នាំទៀត។

កីឡាករខ្លួនឯង ចង់បានកិច្ចសន្យា ដែលមានរយៈពេល២ឆ្នាំតែម្ដង តែក្រុមបាល់ទាត់​យក្សបារាំង មិនចង់បង្កើត​ហានិភ័យ​សម្រាប់ខ្លួន ដោយហេតុថា កីឡាករ ស៊ែរជោ រ៉ាម៉ូស មានវ័យរាងជ្រេបន្តិចហើយ និងបានរងរបួស​ជាច្រើន​ដង នៅពេលកីឡាករកំពុងទាត់​ឲ្យក្រុមរៀលម៉ាឌ្រីត​មួយឆ្នាំចុងក្រោយ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។