បាល់ទាត់

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ដែលបានបញ្ចប់ទៅកាលពីយប់ថ្ងៃអាទិត្យមុន សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានចេញផ្សាយបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ស្ដីពីចំណាត់ថ្នាក់​នៃបណ្ដាសមាជិក ទាំង២១១ប្រទេស និងបង្ហាញថា ប្រទេសប្រេស៊ីល ដែលត្រូវបានជម្រុះចេញ នៅវគ្គ១/៤ផ្ដាច់ព្រ័ត្រនោះ នៅតែបន្តកាន់កាប់ចំណាត់ថ្នាក់កំពូលដដែល។

សម្រាប់ប្រទេសអាហ្សង់ទីន ជើងឯកពិភពលោក ដែលទើបលើកពាន«FIFA»ថ្មីថ្មោង និងបារាំង ដែលជាជើងឯករង បានឡើង១ចំណាត់ថ្នាក់រៀងៗខ្លួន ពោលគឺទទួលបានលេខ២ និងលេខ៣។ កាលពីខែតុលា ប្រទេសទាំងពីរ មានចំណាត់ថ្នាក់លេខ៣ និងលេខ៤។ ប្រទេស​ប៊ែលហ្សិក ដែលលើកមុន​មានចំណាត់ថ្នាក់លេខ២ បានធ្លាក់មកលេខ៤វិញម្ដង ក្នុងបញ្ជីសន្ទស្សន៍ ចុងឆ្នាំ២០២២ ខាងលើ។

ដោយឡែកប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់​លេខ១៧៧ដដែល បើធៀបនឹងបញ្ជីចេញផ្សាយមុន។ នៅក្នុងអាស៊ាន (ASEAN) កម្ពុជាបន្តគ្រាន់បើជាងឡាវ (លេខ១៨៧) ប្រ៊ុយណេ (លេខ១៩០) និងទីម័រខាងកើត (លេខ១៩៧)។ បញ្ជីសន្ទស្សន៍របស់«FIFA» ដែលចេញផ្សាយនៅដើមខែតុលា បានដាក់ប្រទេសកម្ពុជា នៅចំណាត់ថ្នាក់ខាងលើ ដោយធ្លាក់ទាបជាង បញ្ជីចេញផ្សាយខែសីហា ដែលកម្ពុជាទទួលបានលេខ១៧៤។

រាប់តាំងពីឆ្នាំ១៩៩៦ ដែលសហព័ន្ធបាល់ទាត់អន្តរជាតិ ទទួលស្គាល់កម្ពុជា ជាសមាជិករបស់ខ្លួនឡើងវិញ កម្ពុជាមានចំណាត់ល្អបំផុត គឺនៅឆ្នាំ១៩៩៨ ដែលទទួលបានលេខ១៦២។ នៅឆ្នាំ២០១៣ កម្ពុជាធ្លាក់ចំណាត់ថ្នាក់ ទាបជាពេលណាៗទាំងអស់ គឺទទួលបានលេខ១៨៩។

ចំណាត់ថ្នាក់កំពូលទាំង១០ ក្នុងកម្រិតពិភពលោក៖

១) ប្រេស៊ីល
២) អាហ្សង់ទីន
៣) បារាំង
៤) ប៊ែលហ្សិក
៥) អង់គ្លេស
៦) ហូឡង់
៧) ក្រូអាស៊ី
៨) អ៊ីតាលី
៩) ព័រទុយហ្គាល់
១០) អេស្ប៉ាញ

ចំណាត់ថ្នាក់កំពូលទាំង១០ កម្រិតអាស៊ី៖

១) ជប៉ុន
២) អៀរ៉ង់
៣) កូរ៉េខាងត្បូង
៤) អូស្ត្រាលី
៥) អារ៉ាប៊ីសាអ៊ូឌីត
៦) កាតា
៧) អៀរ៉ាក់
៨) អារ៉ាប់រួម
៩) អូម៉ង់
១០) អ៊ូសបេគីស្ដង់

ចំណាត់ថ្នាក់កំពូលទាំង១០ កម្រិតអាស៊ាន៖

១) វៀតណាម
២) ថៃ
៣) ហ្វីលីពីន
៤) ម៉ាឡេស៊ី
៥) ឥណ្ឌូនេស៊ី
៦) ភូមា
៧) សិង្ហបូរី
៨) កម្ពុជា
៩) ឡាវ
១០) ប្រ៊ុយណេ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។