បាល់ទាត់

ហ្វាប្រេហ្គាស ចេញ​ពី​ ឆែលស៊ី មកលេង​ឲ្យ ម៉ូណាកូ

ដំណឹងដែលបានលេចឮ តាំងពីច្រើនថ្ងៃមកហើយ ត្រូវបានប្រកាសជាផ្លូវការហើយ នៅល្ងាចថ្ងៃសុក្រនេះ ដោយក្រុមបាល់ទាត់ ម៉ូណាកូ ( AS Monaco – បារាំង)។ ហ្វ្រង់សេស ហ្វាប្រេហ្គាស (Francesc Fàbregas) កីឡាករខ្សែបម្រើ អាយុ៣១ឆ្នាំ របស់ក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) បានចេញពីក្រុម ហើយបានមកចុះហត្ថលេខាលេង ចំនួន៣ឆ្នាំ ឲ្យក្រុម ម៉ូណាកូ ដែលធ្លាប់ឈ្នះ ជាជើងឯកបារាំង ឆ្នាំ២០១៦-២០១៧។

តាមការអះអាងរបស់សារព័ត៌មាន «L’Equipe» ដ៏ធំជំនាញខាងកីឡា របស់បារាំង បានអះអាងថា ការចាកចេញរបស់កីឡាករ នៅមុនបញ្ចប់កិច្ចសន្យា ពីក្រុម ឆែលស៊ី មិនត្រូវបានក្រុម ម៉ូណាកូ ចំណាយអស់ប្រាក់ មួយសេនឡើយ។ តែក្រុម ម៉ូណាកូ នឹងត្រូវបង់ទៅឲ្យក្រុម ឆែលស៊ី ក្នុងលក្ខខណ្ឌ ដែលក្រុមនេះ ទទួលបានជ័យជំនះភាគច្រើន នៅក្នុងការប្រកួត សម្រាប់ដណ្ដើម ជើងឯកបូកពិន្ទុ ក្នុងប្រទេសបារាំង។

ក្នុងរយៈពេលកន្លងមក គ្រូបង្វឹករបស់ក្រុម ឆែលស៊ី លោក «Maurizio Sarri» មិនសូវជាឲ្យកីឡាកររូបនេះ ដែលធ្លាប់លើកពានរង្វាន់ ពិភពលោក ឆ្នាំ២០១០ (ជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ) ចូលលេងទេ។

យ៉ាងណា កីឡាករ ហ្វាប្រេហ្គាស បានចូលទាត់ឲ្យក្រុម ជាលើកចុងក្រោយ ក្នុងការប្រកួតមួយ កាលពីថ្ងៃសៅរ៍មុន ទល់នឹងក្រុម «Nottingham Forrest» (ឆែលស៊ី ឈ្នះ ២-០)។

ជាមួយនឹងជំនាញរបស់ខ្លួន ដែលទាត់នៅខ្សែបម្រើ និងពូកែដណ្ដើមយកបាល់ ពីគូប្រកួតនោះ កីឡាករ ហ្វាប្រេហ្គាល អាចផ្ដល់លទ្ធភាព សម្រាប់ក្រុម ម៉ូណាកូ ក្នុងការងើបចេញ ពីតំបន់ក្រហម (លេខ១៩) នៅក្នុងក្របខណ្ឌ «Ligue 1» (ជើងឯកបូកពិន្ទុ)។

កីឡាករ ត្រូវបានក្រុមបាល់ទាត់ ម៉ូណាកូ ស្រង់សំដីមកចុះផ្សាយ នៅលើគេហទំព័ររបស់ខ្លួនថា៖

«ជាក្ដីសប្បាយរីករាយណាស់ ដែលខ្ញុំបានចូល មកទាត់ឲ្យក្រុម ម៉ូណាកូ ដែលជាវិញ្ញាសារថ្មីមួយ សម្រាប់ខ្ញុំ។ ក្រុមបាល់ទាត់នេះ មានពោរពេញ ដោយគុណភាព ជាមួយនឹង កីឡាករក្មេងៗជាច្រើន និងគ្រូបង្វឹកថ្មី (លោក ទីជែរី ហង់រី – Thierry Henry)។»

កីឡាករខ្សែបម្រើ បានបន្តថា៖

«វត្តមានរបស់ខ្ញុំ គឺដើម្បីជួយក្រុម ហើយខ្ញុំអន្ទះសារណាស់ ក្នុងការចាប់ផ្ដើមចូលលេង ជាពិសេសបំផុតនោះ គឺយើងមានការប្រកួត ដ៏ធំមួយ ទល់នឹងក្រុម ម៉ាសីយ៍ នៅថ្ងៃអាទិត្យខាងមុខ។»

នៅក្នុងរដូវកាល ឆ្នាំ២០១៨-២០១៩នេះ ក្រុម ម៉ូណាកូ បានធ្លាក់ពិន្ទុយ៉ាងសម្បើម (លេខ១៩ នៅក្នុងក្របខណ្ឌបូកពិន្ទុ) ដោយសារកីឡាករ ធំៗភាគច្រើន របស់ក្រុមនេះ មួយចំនួនបានរងរបួស និងមួយចំនួនទៀត បានចាកចេញពីក្រុម កាលពីចុងរដូវកាលមុន។ បើសិនជា រហូតចុងបញ្ចប់​នៃរដូវកាល ចំណាត់ថ្នាក់នៅតែបន្តដូច្នេះ ក្រុម ម៉ូណាកូ នឹងត្រូវធ្លាក់ទៅទាត់ ក្នុងក្របខណ្ឌទី ២ សម្រាប់ឆ្នាំខាងមុខ។

នៅចំពោះការមកដល់ នៃកីឡាករខាងលើ លោក «Vadim Vasilyev» នាយករងក្រុម ម៉ូណាកូ បានថ្លែងឡើងថា៖

«ខ្ញុំរីករាយណាស់ ចំពោះការមកដល់ របស់កីឡាករដ៏ល្អម្នាក់នេះ ដែលនឹងជួយឲ្យក្រុម មានភាពរីកចម្រើនឡើង។ កីឡាករបានថ្លែងប្រាប់ខ្ញុំ ថាគាត់ចង់ជំនះ នៅក្នុងវិញ្ញាសារដ៏ពិបាកថ្មីមួយ។ កីឡាករដ៏ល្អម្នាក់ ដែលសម្រេចចិត្ត ចូលមកលេង ឲ្យក្រុមមួយ ក្នុងស្ថានភាព ដ៏ពិបាកបែបនេះ ធ្វើឲ្យខ្ញុំមានក្ដីស្ងើចសរសើរក្រៃលែង។»៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។