បាល់ទាត់

Euro Cup 2020៖ អ៊ីតាលីឡើង​«ផ្ដាច់ព្រ័ត្រ»​ក្រោយ​ឈ្នះ​បាល់កាត់សេចក្ដី

ក្រុមជម្រើសជាតិ អ៊ីតាលី បានទទួលសំបុត្ររបស់ខ្លួន ដើម្បីឡើងទៅប្រកួត នៅវគ្គ«ផ្ដាច់ព្រ័ត្រ» បន្ទាប់ពីបាន​យកឈ្នះ លើក្រុម អេស្ប៉ាញ ក្នុងការប្រកួតវគ្គ១/២ ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងយប់ថ្ងៃអង្គារនេះ នាកីឡដ្ឋាន«Wembley» រាជធានីឡុងដ៍ នៃចក្រភពអង់គ្លេស។

បើពិនិត្យពីសាច់បាល់ និងបច្ចេកទេសលេង ក្រុម អេស្ប៉ាញ បានបង្ហាញប្រៀប គ្របទៅលើក្រុមអ៊ីតាលី សឹងតែ​ទាំងស្រុង។ តែការមានប្រៀប មិនមានន័យថា ក្រុម អេស្ប៉ាញ មានឱកាសរកគ្រាប់បាល់ បានច្រើន និងមាន​ប្រសិទ្ធិភាព ជាងក្រុមអ៊ីតាលីនោះទេ។

ផ្ទុយទៅវិញ ក្រុម«La Roja (រហស្សនាមរបស់ក្រុមអេស្ប៉ាញ)» បានបើកឱកាសឲ្យក្រុមអ៊ីតាលី វាយឆ្មក់ត្រឡប់វិញម្ដងៗ រហូតត្រូវបានក្រុមនេះ រកគ្រាប់បាល់បានមួយគ្រាប់មុន (១-០) នៅនាទីទី៥៩ ដោយកីឡាករ«Federico Chiesa»។

នៅចំពោះការនាំមុខរបស់ក្រុមអ៊ីតាលី គ្រូបង្វឹក-ដឹកនាំរបស់ក្រុមអេស្ប៉ាញ លោក«Luis Enrique» ចាំបាច់ត្រូវប្ដូរយុទ្ធសាស្ត្រ និងធ្វើការប្ដូរកីឡាករ ដើម្បីបន្ថែមកម្លាំង ជាពិសេសកម្លាំងវាយសម្រុក ដែលធ្វើឲ្យក្រុមអេស្ប៉ាញ រកគ្រាប់បាល់ស្មើមកវិញ (១-១) នៅនាទីទី៨០ ដោយកីឡាករ «Morata»។

ការប្រកួតទៅវិញទៅមក នៅរក្សាលទ្ធផលស្មើ (១-១) ដដែល ទាំងក្នុងពេលប្រកួត៩០នាទី និងការបន្ថែមម៉ោង ១៥-១៥=៣០នាទី តម្រូវឲ្យ​ការប្រកួត ឈានដល់ដំណាក់កាលទាត់បាល់កាត់សេចក្ដី ម្ខាង៥គ្រាប់។ ក្នុង​ដំណាក់កាល​នេះ កីឡាករអេស្ប៉ាញពីរនាក់​មិនបានទាត់​បាល់បញ្ចូលទីក្រុមអ៊ីតាលីទេ ខណៈកីឡាករអ៊ីតាលី​តែម្នាក់​ប៉ុណ្ណោះ ដែលទាត់មិនចូលទីក្រុមអេស្ប៉ាញ។

ក្រុមអ៊ីតាលី ត្រូវរងចាំលទ្ធផល ដែលចេញពីការប្រកួត នៅយប់ថ្ងៃស្អែក រវាងក្រុមអង់គ្លេស និងក្រុមដាណឺម៉ាក ដើម្បី​ដឹងពីគូប្រកួតរបស់ខ្លួន។ ការប្រកួតវគ្គ«ផ្ដាច់ព្រ័ត្រ» នឹងត្រូវប្រព្រឹត្តិទៅ​ក្នុងកីឡដ្ឋាន«Wembley»ដដែល នៅយប់​ថ្ងៃអាទិត្យ​ខាងមុខ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។