បាល់ទាត់

អេដេន ហាហ្សា ចុះហត្ថលេខា​ផ្លូវការ​​លេងឲ្យ​ក្រុមរៀល ៥រដូវកាល

បន្ទាប់ពីលេងឲ្យក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) អស់រយៈពេល៧រដូវកាលមក ខ្សែបម្រើជាតិប៊ែលហ្សិក កីឡាករ អេដេន ហាហ្សា (Eden Hazard) បានចុះហត្ថលេខាជាផ្លូវការ នៅទីបំផុត ជាមួយក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) សម្រាប់​«៥រដូវកាល» រហូតដល់ឆ្នាំ២០២៤។ 

ជាដំណឹងផ្លូវការ ដែលបានចេញពីរូបរាងពិតប្រាកដ បន្ទាប់ពីលេចឮនូវពាក្យចចាមអារាម ស្ដីពីការផ្ទេរកីឡាកររូបនេះ តាំងពីច្រើនខែមកហើយ។

ក្រុមទាំងសងខាង សុទ្ធតែធ្វើការប្រកាសរៀងៗខ្លួន។ ក្រុមអធិរាជអាវស បង្ហោះសារស្វាគមន៍កីឡាករ ខណៈក្រុមតោខៀវ បង្ហោះសារ​ថ្លែងអំណរគុណ ដល់កីឡាករ ដែលបានជួយក្រុម ឲ្យទទួលបានតំណែង ជាជើងឯកអង់គ្លេស «Premier League» ពីររដូវកាល ដណ្ដើមពាន​«FA Cup» បានម្ដង ពាន​«EFL Cup» បានម្ដង និងលើកពាន «Europa League» បានពីរដង។

ក្រុមតោខៀវ បានសរសេរថា៖

«កីឡាករបានចាកចេញពី ឆែលស៊ី ក្នុងនាមជាកីឡាករម្នាក់ ពីចំណោមកីឡាករ​ដ៏ឆ្នើមជាច្រើន នៃប្រវត្តិសាស្ត្ររបស់ក្រុម។ សូមអរគុណ និងសូមជួបសំណាងល្អ សម្រាប់កីឡាករ អេដេន ហាហ្សា។»

ការផ្ទេរខ្សែបម្រើរូបនេះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ រាយការណ៍ថា ជាថ្នូរនឹងទឹកប្រាក់ ប្រមាណជា ១០០លានអ៊ឺរ៉ូ ហើយកីឡាករ ហាហ្សា បានក្លាយជាកីឡាកររបស់ក្រុមរៀល រហូតដល់ចប់រដូវកាល ឆ្នាំ២០២៤។ ពិធីបង្ហាញកីឡាករ សម្រាប់អ្នកសារព័ត៌មាន នឹងត្រូវប្រព្រឹត្តិធ្វើ ក្នុងថ្ងៃព្រហស្បត្តិ ទី១៣ ខែមិថុនាខាងមុខ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។