បាល់ទាត់

សារព័ត៌មានអេស្ប៉ាញថា អេដេន ហាហ្សា ត្រូវបានផ្ទេរទៅក្រុម រៀល

នៅព្រឹកនេះ សារព័ត៌មានកីឡារបស់ប្រទេសអេស្ប៉ាញ «Marca» បានអះអាង ពីការផ្ទេរកីឡាករ អេដេន ហាហ្សា (Eden Hazard) ពីក្រុមឆែលស៊ី (Chelsea FC – អង់គ្លេស) មកកាន់ក្រុមរៀលម៉ាឌ្រីត (Real Mardird – អេស្ប៉ាញ) ដោយគ្រាន់តែត្រូវរង់ចាំ ឲ្យក្រុមបាល់ទាត់ទាំងសងខាង​ប្រកាសជាផ្លូវការ នៅប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

ការផ្ទេរនេះ នឹងធ្វើឲ្យសម្រេច នូវក្ដីសុបិន្តរបស់កីឡាករ ហាហ្សា ដែលតែងទន្ទឹងចង់លេង ក្រោមការដឹកនាំ នៃ«អាយដ័ល (Idol)»ខ្លួន គឺលោក ហ្សីណាឌីន ហ្សីដាន (Zinédine Zidane)។

សារព័ត៌មានបានអះអាងថា ការយល់ព្រមរវាងក្រុមបាល់ទាត់ ទាំងសងខាង ត្រូវបានសម្រេចរួចរាល់ ដើម្បីការផ្ទេរកី ឡាករខ្សែបម្រើដ៏ល្បី នៃក្រុមតោខៀវ ដែលមានកម្រិតជាទឹកប្រាក់ ប្រមាណជា ១០០លានអ៊ឺរ៉ូ។

ប្រសិនជាព័ត៌មាន នៃទំហំទឹកប្រាក់ខាងលើ គឺជាការពិតនោះ កីឡាករ ហាហ្សា នឹងក្លាយជាកីឡារ ដែលមានតម្លៃថ្លៃជាងគេ សម្រាប់ក្រុមអធិរាជអាវស នាំមុខកីឡាករ ហ្គារ៉េត ប៊ែល (Gareth Bale) ដែលត្រូវបានផ្ទេរក្នុងតម្លៃ ៩៤លានអ៊ឺរ៉ូ និងកីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ដែលត្រូវបានផ្ទេរក្នុងតម្លៃ ៩១លានអ៊ឺរ៉ូ។

ប៉ុន្តែសំនួរមួយ បានចោទសួរថា ហេតុអ្វីបានជាក្រុមឆែលស៊ី សម្រេចលក់កីឡាករ ហាហ្សា ខណៈក្រុមតោខៀវខ្លួនឯង កំពុងរងការហាមឃាត់ មិនឲ្យទិញកីឡាករថ្មីៗ សម្រាប់រដូវកាលក្រោយនេះ?

ក្រុមអ្នកតាមដានបាល់ទាត់ បានគិតថា ការសម្រេចផ្ទេរកីឡាករដ៏សំខាន់ មកកាន់ក្រុមរៀល អាចបណ្ដាលមកពីកិច្ចសន្យា របស់ខ្សែបម្រើជាតិប៊ែលហ្សិករូបនេះ នឹងត្រូវផុតកំណត់ នៅឆ្នាំក្រោយ។ ដូច្នេះ ក្រុមតោខៀវ មិនអាចរង់ចាំដល់ឆ្នាំក្រោយ ទើបសម្រេចលក់កីឡាករនោះទេ (ព្រោះអាចឲ្យតម្លៃផ្ទេរ ចុះថោកច្រើនជាងនេះ)។

កីឡាករ អេដេន ហាហ្សា អាចជាកីឡាករទី៣ បន្ទាប់ពីការផ្ទេរកីឡាករ ពីរនាក់ផ្សេងទៀត មកកាន់ក្រុមរៀលម៉ាឌ្រីត រួមមានខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ «Rodrygo» និងខ្សែបម្រើជាតិប្រេស៊ី កីឡាករ «Eder Militão» ដែលការប្រកាសជាផ្លូវការ ទំនងជានឹងត្រូវធ្វើ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះដែរ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។