បាល់ទាត់

ម៉ារ៉ាដូណា តារាបាល់ទាត់​អាហ្សង់ទីន​ទទួល​មរណភាព ក្នុងវ័យ៦០ឆ្នាំ

កំពូលតារាបាល់ទាត់ របស់ប្រទេសអាហ្សង់ទីន កីឡាករ ឌីយ៉េហ្គោ ម៉ារ៉ាដូណា (Diego Maradona) បាន​ទទួល​មរណភាព ក្នុងថ្ងៃពុធនេះ ក្នុងវ័យ៦០ឆ្នាំ ដោយអាការៈ​គាំងបេះដូង។ នេះ បើតាមការប្រកាស​ឲ្យដឹង របស់ប្រព័ន្ធ​ផ្សព្វផ្សាយអាហ្សង់ទីន កាលពីមុននេះបន្តិច។

លោក ម៉ារ៉ាដូណា ទើបនឹងមានអាយុ៦០ឆ្នាំ នៅថ្ងៃទី៣០ ខែតុលា មុននេះប៉ុណ្ណោះ។ តែស្ថានភាពសុខភាព បានធ្លាក់ចុះដុនដាបខ្លាំង ជាបន្តបន្ទាប់ រហូតដល់ត្រូវបាន​គ្រូពេទ្យ ធ្វើការវះកាត់ជាបន្ទាន់ កាលពីថ្ងៃទី២ ខែវិច្ឆិកា ជុំវិញអាការៈឈាមកក ក្នុង​ខួរក្បាល។ ប៉ុន្តែបន្ទាប់ពីការវះកាត់ ប្រកបដោយជ័យជំនះ លោក​ត្រូវបានអនុញ្ញាត ឲ្យចេញពីមន្ទីរពេទ្យ នៅប៉ុន្មានថ្ងៃក្រោយ។

តែទីបំផុត យមរាជនៅតែឆក់យកជីវិតរបស់លោក នៅថ្ងៃពុធទី២៥ ខែវិច្ឆិកានេះ ក្នុងអាការៈគាំងបេះដូង នាក្រុង «Tigre» នៃខេត្ត «Buenos Aires» ភាគ​ខាងកើត-កណ្ដាល របស់ប្រទេសអាហ្សង់ទីន

មរណៈភាពរបស់កំពូលកីឡាករ ក្នុងវ័យ៦០ឆ្នាំ បានបង្កភាពតក់ស្លុត ដ៏ជ្រាលជ្រៅ សម្រាប់ពិភព​បាល់ទាត់ ជាពិសេស​សម្រាប់ប្រទេស​អាហ្សង់ទីនផ្ទាល់​តែម្ដង។ លោក ម៉ារ៉ាដូណា ដែលត្រូវបានប្រជាជនអាហ្សង់ទីន ចាត់ទុក​ដូចជា​«ព្រះរស់» បានបញ្ចេញ«ថ្វីជើង»គ្មានគូប្រៀប​របស់លោក នាំក្រុមជម្រើសជាតិអាហ្សង់ទីន ឲ្យឈ្នះពាន​បាល់ទាត់​ពិភពលោក ក្នុងឆ្នាំ១៩៨៦។

សម្រាប់ក្រុមបាល់ទាត់ធំៗ នៅក្នុងទ្វីបអ៊ឺរ៉ុប លោក ម៉ារ៉ាដូណា ធ្លាប់បានទាត់ ឲ្យក្រុម​បាសឺឡូន (Barcelone – អេស្ប៉ាញ) រវាងពីឆ្នាំ១៩៨២ មកទល់នឹងឆ្នាំ១៩៨៤ – ក្រុម​ណាប៉ូលី (Napoli – អ៊ីតាលី) រវាងពីឆ្នាំ១៩៨៤ មកទល់​នឹងឆ្នាំ១៩៩១ និងក្រុម​សេវីល (Séville – អេស្ប៉ាញ) រវាងពីឆ្នាំ១៩៩២ មកទល់់នឹងឆ្នាំ១៩៩៣។

បើទោះជាលោក មិនទទួលបានជោគជ័យ ជាដុំកំភួន ជាមួយក្រុមបាសឺឡូន នោះ តែកំពូលតារាបាល់ទាត់ បានលើក​ពានជាច្រើន ជាមួយក្រុម ណាប៉ូលី របស់ប្រទេស​អ៊ីតាលី ទាំងពានបាល់ទាត់​ក្នុងស្រុក និងពាន​បាល់ទាត់​អ៊ឺរ៉ុប។

នៅចុងបញ្ចប់ នៃអាជីពជាកីឡាករ លោក ម៉ារ៉ាដូណា បានត្រឡប់ទៅទាត់ ឲ្យក្រុម​បាល់ទាត់ចំនួនពីរ ក្នុងប្រទេស​អាហ្សង់ទីនវិញ។ តែលោកមិនទទួលបាន​លទ្ធផលល្អទេ ដោយហេតុថា លោកបានបណ្ដោយខ្លួន ឲ្យធ្លាក់ក្នុង​ការញៀនថ្នាំ ឡើងទម្ងន់ និងរឿងរ៉ាវ​អាស្រូវជាច្រើន។

លោកបានសម្រេចចិត្ត ចាកចេញពីអាជីពជាកីឡាករ នៅអាយុ៣៧ឆ្នាំ ហើយបាន​នៅឆ្ងាយ ពីពិភពបាល់ទាត់ រហូត​ដល់ឆ្នាំ២០០៨ ដែលជាឆ្នាំដែលលោក បានក្លាយខ្លួន ជាគ្រូបង្វឹក និងបានដឹកនាំ​ក្រុមជម្រើសជាតិ​អាហ្សង់ទីន។

តែអាជីពថ្មីរបស់លោក ជាគ្រូបង្វឹក មិនទទួលបានផ្លែផ្កាអ្វីឡើយ។ លោកត្រូវបានបញ្ឈប ពីក្រុមជម្រើសជាតិ នៅឆ្នាំ​២០១០ ហើយបាន​មក​ដឹកនាំ ក្រុមបាល់ទាត់ចំនួនពីរ ក្នុងប្រទេសអារ៉ាប់រួម និងក្រុមបាល់ទាត់​ពីរទៀត ក្នុង​ប្រទេស​ម៉ិកស៊ិក៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។