បាល់ទាត់

រ៉ូណាល់ដូ នឹងនៅ​ជាមួយ​ក្រុម​សេះបង្កង់ ១០០០% នៅ​រដូវកាល​ក្រោយ

បន្ទាប់ពីលើកពានដំបូង ជាជើងឯកនៃប្រទេសអ៊ីតាលី (ក្របខណ្ឌទាត់វិលជុំបូកពិន្ទុ) ជាក្រុមជូវេនទូស (Juventus Turin – អ៊ីតាលី) ក្នុងយប់ថ្ងៃ២០ ខែមេសានេះ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ បានចេញមុខមកអះអាងថា ខ្លួននឹងបន្តនៅទាត់ឲ្យក្រុមសេះបង្កង់ ១០០០% នៅរដូវកាលក្រោយ។

កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានចេញពីក្រុមរៀលម៉ាឌ្រីត (Real Mardrid – អេស្ប៉ាញ) កាលពីចុងរដូវកាលកន្លងទៅ ហើយបានមកចុះហត្ថលេខា ទាត់ឲ្យក្រុម ជូវេនទូស សម្រាប់បួនរដូវកាល។

បន្ទាប់ពីក្រុមសេះបង្កង់ ត្រូវបានជម្រុះចេញ ពីការប្រកួតដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ក្រោមថ្វីជើងរបស់ក្រុម អាហ្សាក់ អាមស្ទែដាម (Ajax Amsterdam – ហូឡង់) កាលពីពេលថ្មីៗនេះមក មានពាក្យចចាមអារាម បានបង្ហើបឡើងថា ម្ចាស់បាល់មាសច្រើនជំនាន់រូបនេះ នឹងចាកចេញពីក្រុមជើងឯកអ៊ីតាលី ដើម្បីស្វែងរកទ្រនុំថ្មី ដែលអាចមានលទ្ធភាព លើកពានអ៊ឺរ៉ុបបាន។

«១០០០%»

ប៉ុន្តែមុននេះប៉ុន្មានថ្ងៃ គ្រូបង្វឹករបស់ក្រុម រួមនឹងនាយកក្លឹបផង បានអះអាង កីឡាករ រ៉ូណាល់ដូ នឹងនៅជាមួយក្រុម ជូវេនទូស បន្តទៅទៀត។ ហើយនៅយប់ថ្ងៃទី២០ ខែមេសានេះ កីឡាករខ្លួនឯង ក៏បានបានអះអាង ពីជំហរនេះដូចគ្នាដែរ។

នៅចំពោះសំនួរ របស់អ្នកសារព័ត៌មាន របស់ទូរទស្សន៍ «Dazn» កំពូលខ្សែប្រយុទ្ធដ៏ល្បីបានឆ្លើយឡើងថា៖

«ខ្ញុំពិតជាសប្បាយរីករាយណាស់។ ខ្ញុំបានឈ្នះពាន (ជាជើងឯកអ៊ីតាលី) តាំងពីរដូវកាលដំបូងទៅហើយ នៅក្នុងក្របខណ្ឌមួយនេះ។ ជារដូវកាលដ៏អស្ចារ្យ សម្រាប់ក្រុម ជូវេនទូស ព្រោះយើងក៏បានឈ្នះពាន “SuperCoupe” មួយទៀតដែរ។ វាពិតហើយថា វាមិនដូចអ្វីដែលយើងចង់បានទេ នៅក្នុងក្របខណ្ឌអ៊ឺរ៉ុប (Champions League)។ តែនៅមានឆ្នាំក្រោយទៀត៕»

#W8NDERFUL | The Trailer

🎟 After #LE6END, #MY7H and many other successes, Juventus presents: #W8NDERFUL 🏆🏆🏆🏆🏆🏆🏆🏆 http://juve.it/iUD030oujNT

Publiée par Juventus sur Samedi 13 avril 2019
ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។