បារាំង

បាតុកម្ម​​អាវ​កាក់​​លឿង​ទី២៣​៖ ឃាត់ខ្លួន​២៤៩នាក់​ នៅ​ទូទាំងប្រទេស

មនុស្ស២៤៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ១៨២នាក់ ត្រូវបានចាប់ដាក់ឃុំ ជាបណ្ដោះអាសន្ន ពីក្នុងចំណោមបាតុករ ប្រមាណជា ២៧ ៩០០នាក់ នៅ​ទូទាំងប្រទេស បារាំង ដែលបានចុះដើរនៅតាមដងផ្លូវ ក្នុងថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០១៩នេះ។ បាតុករដែលបានដើរដង្ហែជាក្បួន នៅក្នុងរដ្ឋធានីប៉ារីស ត្រូវបានរាប់ដឹង ថាមានប្រមាណជា ៩០០០នាក់។

នេះ បើតាមតួលេខផ្ដល់ដោយក្រសួងមហាផ្ទៃបារាំង នៅវេលាយប់ថ្ងៃដដែល ដែលជាតុល្យភាពផ្លូវការ នៃបាតុកម្មរបស់ក្រុមអាវកាក់លឿង លើកទី២៣របស់ពួកគេ។ តួលេខមានការកើនឡើងបន្តិច សម្រាប់បាតុកម្មនៅក្នុងរដ្ឋធានី បើធៀបនឹងចុងសប្ដាហ៍មុន ដែលក្រុមបាតុករមានចំនួន ប្រមាណតែ ៥០០០នាក់ប៉ុណ្ណោះ។

យ៉ាងណា ក៏តុល្យភាពនេះ តែងត្រូវបានជំទាស់ដោយអ្នករៀបចំបាតុកម្ម និងមិនត្រូវបានផ្ទៀងផ្ទាត់ ដោយប្រភពឯករាជ្យណាផ្សេងទេ។

នៅទូទាំងប្រទេសបារាំង កងកម្លាំងនគរបាល និងកងអាវុធហត្ថ ចំនួន៦០ ០០០នាក់ ត្រូវបានដាក់ពង្រាយ។

ក្រុមអ្នកសង្កេតការណ៍ បានឲ្យដឹងថា បាតុកម្មបានប្រព្រឹត្តិទៅ ក្នុងសភាពស្ងប់ស្ងៀមនាវេលាព្រឹកថ្ងៃសៅរ៍ និងចូលមកដល់ថ្ងៃត្រង់ តែបានផ្ទុះអំពើហិង្សា នៅតាមតំបន់មួយចំនួន ដោយការប្រឈមមុខដាក់គ្នា រវាងក្រុមបាតុករ និងកងកម្លាំងនគរបាល។

អាជ្ញាធរយកអ្នកសារព័ត៌មាន ធ្វើជាមុខសញ្ញា…

ក្រុមនគរបាលបានប្រើឧស្ម័ន – គ្រាប់បែកបង្ហូរទឹកភ្នែក និងគ្រាប់បាញ់កៅស៊ូ ដើម្បីរារាំងបាតុករ មិនឲ្យបន្តដំណើរ ទៅកាន់តំបន់ ដែលគ្មានការអនុញ្ញាត។ កងកម្លាំងអាជ្ញាធរក៏បានប្រើវិធីសាស្ត្រនេះ ដើម្បីបំបែកជួរបាតុករ នៅវេលាល្ងាចឡើងដែរ។

ក្រុមបាតុករវិញ បានប្រើដុំថ្ម សំបកដប គុបសំដៅក្រុមនគរបាល។ តែនៅក្រោយការប្រឈមមុខដាក់គ្នានោះ បាតុកម្មបានបំបែកជួរ ចាប់ពីម៉ោង១៩យប់ថ្ងៃដដែល។

មានសេចក្ដីរាយការណ៍មកថា អ្នកសារព័ត៌មានជាច្រើននាក់ នៅទូទាំងប្រទេស ត្រូវបានក្រុមអាជ្ញាធរចាត់ជាមុខសញ្ញា ដោយធ្វើការឃាត់ខ្លួន និងបាញ់ឧស្ម័នបង្ហូទឹកភ្នែកដាក់។ មូលហេតុដែលឈានទៅដល់ ការឃាត់ខ្លួនអ្នកសារព័ត៌មាន មិនត្រូវបានឲ្យដឹងទេ៕

សេក មនោរកុមារ

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញ​ខាងព័ត៌មាន​អន្តរជាតិ និងព័ត៌មាន​ក្នុងប្រទេសបារាំង (ឬនៅអ៊ឺរ៉ុប)។