កំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) គឺជាភ្ញៀវដ៏មានកិត្តិយសមួយរូប នៅក្នុង ការប្រកួត រវាងក្រុម រៀល (Real Madrid – អេស្ប៉ាញ) ហៅអធិរាជអាវស បានបំបាក់ក្រុម បាសា (Fc Barcelone – អេស្ប៉ាញ) ដែលប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអាទិត្យ ម្សិលម៉ិញ។
នេះ ជាវត្តមានលើកដំបូងបំផុត របស់កីឡាករ រ៉ូណាល់ដូ បន្ទាប់ពីខ្សែប្រយុទ្ធ របស់ក្រុម ជូវេនទូស (Juventus Turin – អ៊ីតាលី) រូបនេះ បានចាកចេញ ពីក្រុមអធិរាជអាវស តាំងពីចុងរដូវកាល ឆ្នាំ២០១៨នោះមក។
ហើយដើម្បីមានឱកាស អាចមកទស្សនាការប្រកួតខាងលើ រវាងក្រុមទាំងពីរ នៅក្នុងប្រទេសអេស្ប៉ាញ ព្រោះការប្រកួតរវាងក្រុមសេះបង្កង់អ៊ីតាលី និងក្រុម «Inter-Milan» ត្រូវបានលើកពេលប្រកួត បណ្ដាលមកពីការរីករាលដាល នៃមេរោគ«កូរូណា»ថ្មី។
វត្តមានរបស់កីឡាករ ម្ចាស់បាល់មាស៥ជំនាន់រូបនេះ នៅក្នុងកីឡដ្ឋាន «Bernarbéu» របស់ក្រុមអធិរាជអាវស បានធ្វើឲ្យលេចឮឡើងវិញ នូវពាក្យចចាមអារាម ដែលអះអាងថា កីឡាករ រ៉ូណាល់ដូ ទំនងជារៀបចំផ្លូវ សម្រាប់ការវិលត្រឡប់ មកទាត់ឲ្យក្រុម រៀលម៉ាឌ្រីត វិញ ក្នុងរដូវកាលខាងមុខ។
បណ្ដាអ្នកគាំទ្រទាំងឡាយ តែងនឹកដល់កីឡាករ រូណាល់ដូ ជានិច្ចកាល។ នៅពេលទាត់ឲ្យក្រុម រៀល រវាងពីឆ្នាំ ២០០៩ មកទល់នឹងឆ្នាំ ២០១៨ កំពូលខ្សែប្រយុទ្ធ ដែលមានរូបរាងសង្ហាខាងលើ រកគ្រាប់បាល់ ឲ្យក្រុមអធិរាជអាវស បានយ៉ាងហោច ៥០គ្រាប់ ក្នុងមួយរដូវកាលៗ៕