បាល់ទាត់

រ៉ូណាល់ដូ និងក្រុម មែនយូ ឈានដល់ផ្លូវបំបែកជាថ្មី

ចប់សព្វគ្រប់ហើយ រវាងកីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) និងក្រុម មែនយូ (Manchester United)។ កិច្ចសន្យារវាងកីឡាករម្ចាស់បាល់មាស ៥ជំនាន់ និងក្រុមបីសាចក្រហមអង់គ្លេស ត្រូវបានភាគីទាំងសងខាងព្រមព្រៀងលប់ចោល ក្នុងថ្ងៃអង្គារទី២២ ខែវិច្ឆិកានេះ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រុម មែនយូ ដែលចេញផ្សាយនៅប៉ុន្មាននាទីមុន បានឲ្យដឹងថា ក្រុមបាល់ទាត់​បានព្រមព្រៀង ជាមួយភាគីកំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គេរ ដើម្បីលប់ចោលនូវកិច្ចសន្យា​ដែលក្រុមបានធ្វើ ជាមួយកីឡាករ។ កិច្ចព្រមព្រៀងនេះ នឹងចូលជាធរមានភ្លាមៗ ចាប់ពីថ្ងៃនេះតទៅ។

ជំហានដល់ផ្លូវបំបែកជាលើកទី២នេះ ទំនងជាមិនអាចជៀសផុត បន្ទាប់ពីកីឡាករអាយុ៣៧ឆ្នាំរូបនេះ បានផ្ដល់កិច្ចសម្ភាសទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពី២សប្ដាហ៍មុន ដោយប្រើពាក្យធ្ងន់ៗបកអាក្រាតមេដឹកនាំក្រុម មែនយូ និងគ្រូបង្វឹករបស់ក្រុម លោក «Erik ten Hag»។ កីឡាករបញ្ជាក់ថា ខ្លួនមានអារម្មណ៍ថាត្រូវបាន«ក្បត់» ដោយក្រុមមេដឹកនាំ និងគ្មាន«ការគោរព»សូម្បីបន្តិចឡើយ ចំពោះគ្រូបង្វឹកខាងលើ។

កីឡាករបានថ្លែងឡើងថា៖

«ខ្ញុំមិនមានការគោរព ចំពោះ “Erik ten Hag” ទេ ព្រោះគាត់មិនបង្ហាញពីការគោរព ចំពោះខ្ញុំ។ រឿងវាសាមញ្ញទេថា តើអ្នកឯងគ្មានការគោរពចំពោះខ្ញុំទេ ខ្ញុំក៏គ្មានការគោរពសោះឡើយ ចំពោះអ្នកឯងដូចគ្នា។»

នៅខណៈនេះ កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ កំពុងស្ថិតក្នុងប្រទេសកាតា ដើម្បីត្រៀមចូលទាត់ ក្នុងការប្រកួតលើកទី១ រវាងក្រុមជម្រើស​ជាតិ​ព័រទុយហ្គាល់ និងក្រុម​ជម្រើសជាតិ​ហ្គាណា នៃព្រឹត្តិការណ៍បាល់​ទាត់ពិភពលោក ឆ្នាំ២០២២។ កីឡាករបានទាត់ឲ្យក្រុម មែនយូ លើកទី១ រវាងពីឆ្នាំ២០០៣ មកដល់ឆ្នាំ២០០៩។ កីឡាករបានត្រឡប់មកលេងឲ្យក្រុម ជាលើកទីពីរ ចាប់ពីឆ្នាំ២០២១ មកដល់ពេលនេះ៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។