កំពូលខ្សែប្រយុទ្ធរបស់ក្រុម ជូវេនទូស (Juventus – អ៊ីតាលី) កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្រមានជាមុនរួចហើយ នៅមុនជំនួបជាមួយក្រុម អាត្លេទីកូ ម៉ាឌ្រីត (Juventus Turin – អេស្ប៉ាញ) ក្នុងក្របខណ្ឌនៃការប្រកួត «ត្រឡប់» វគ្គ១ភាគ៨ (ឬវគ្គ១៦ក្រុម) ដើម្បីដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០១៨-២០១៩។
ហើយក្នុងការប្រកួត នាយប់ថ្ងៃអង្គារ ទី១២ ខែមិនា ឆ្នាំ២០១៩នេះ ក្នុងក្រុងតួរ៉ាំង (អ៊ីតាលី) កីឡាករ រ៉ូណាល់ដូ ធ្វើបានសម្រេចដូចសំដីរបស់ខ្លួនមែន ដោយរកបានបីគ្រាប់តែម្នាក់ឯង សម្រាប់ឲ្យក្រុមសេះបង្កង់ ទទួលបានពិន្ទុសរុបចុងក្រោយ ៣-២ យកឈ្នះលើក្រុមអាត្លេទីកូវិញ ដែលជាសំបុត្របញ្ជូនក្រុមសេះបង្កន់ ឡើងទៅវគ្គបន្ទាប់។
គ្រាប់បាល់ទាំងបី របស់កំពូលខ្សែប្រយុទ្ធ រកបាននៅនាទីទី ២៧ នាទីទី៤៨ និងនាទីទី៨៦។ គ្រាប់បាល់ចុងក្រោយ ជាគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដែលត្រូវបានអតីតកីឡាកររបស់ក្រុមអធិរាជអាវសរូបនេះ ទាត់បញ្ចូលទី ដោយគ្មានញ័រជើងសូម្បីបន្តិច។
គួរបញ្ជាក់ដែរថា នៅក្នុងការប្រកួត «ទៅ» ក្នុងរាជធានីម៉ាឌ្រីត កាលពីបីសប្ដាហ៍មុន ក្រុមអាត្លេទីកូ ម៉ាឌ្រីត បានប្រកួតយកឈ្នះក្រុម ជូវេនទូស ២-០៕