បាល់ទាត់

មេនស៊ីធី លត់ សាលកេ០៤ យ៉ាង​ជូរចត់ និងដើរឆ្លងវគ្គយ៉ាងងាយ

ក្រុមមេនឆេស្ទ័រស៊ីធី (Manchester City – អង់គ្លេស) ខ្លាំងជាក្រុម សាលកេ០៤ (Schalke 04 – អាល្លឺម៉ង់) ឆ្ងាយណាស់។

ក្រុមបាល់ទាត់ ដែលដឹកនាំដោយគ្រូបង្វឹក លោក ប៉េប គ័ឌីយ៉ូឡា (Pep Guardiola) បានលត់ក្រុមបាល់ទាត់ពីប្រទេសអាល្លឺម៉ង់ ដោយគ្រាប់បាល់ ៧-០ ក្នុងការប្រកួតវគ្គ១ភាគ៨ (ឬវគ្គ១៦ក្រុម) ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» កាលពីយប់ថ្ងៃអង្គារ ទី១២ ខែមិនា ឆ្នាំ២០១៩នេះ។

គ្រាប់បាល់ទាំង៧គ្រាប់ រួមនឹងគ្រាប់បាល់៣គ្រាប់ ដែលរកបានក្នុងការប្រកួត «ទៅ» នោះផង បានធ្វើឲ្យក្រុមបាល់ទាត់ របស់លោក ប៉េប ដើរឆ្លងវគ្គ ទៅ១ភាគ៤ផ្ដាច់ព្រ័ត្រ (ឬវគ្គ៨ក្រុម) ដោយមិនចាំបាច់ខ្វល់ខ្វាយអ្វីឡើយ។

ក្រុម សាលកេ០៤ វិញ ដែលរកបាន២គ្រាប់ ក្នុងការប្រកួត«ទៅ» កាលពីបីសប្ដាហ៍មុន មិនបានបង្ហាញការប្រយុទ្ធ ប្រកបដោយសន្ទុះខ្លាំងក្លា ដើម្បីទប់ទល់នឹងក្រុមមេនស៊ីធី នៅក្នុងការប្រកួត «ត្រឡប់» ក្នុងយប់នេះទេ។ និយាយម្យ៉ាងទៀត ក្រុម សាលកេ០៤ ហាក់បានទម្លាក់អាវុធចុះ តាំងពីរងគ្រាប់បាល់ទី២ របស់ក្រុមមេនស៊ីធីនោះម្លេះ។

» វីដេអូសង្ខេបឡើងវិញ នៃការប្រកួតរវាងក្រុម មេនឆេស្ទ័រស៊ីធី និងក្រុម សាលកេ០៤៖

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។