បាល់ទាត់

ប្រេស៊ីល​លើកពាន​ «Copa América» បន្ទាប់ពី​ប្រកួត​ឈ្នះ​ប៉េរូ ៣-១

ទោះជាត្រូវបន្ថយចំនួនកីឡាករ មកត្រឹមតែ១០នាក់ក្ដី តែក្រុមប្រេស៊ីលដ៏មានទេពកោសល្យ បានរកបានជ័យជំនះយ៉ាងធំធេង នៅក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ទ្វីបអាមេរិក ឬហៅថា «Copa América»។ ក្រុមសាំបាដ៏ល្បី បានឈ្នះក្រុមប៉េរូ ដោយគ្រាប់បាល់ ៣-១។

គឺកីឡាករ «Everton Soares» ដែលរកបានគ្រាប់បាល់ដំបូង ឲ្យក្រុមប្រេស៊ីល ១-០ នៅនាទីទី១៣ ហើយត្រូវបានក្រុមប៉េរូ យកស្មើបានវិញ នៅនាទីទី៤៤ ដោយគ្រាប់បាល់ពិន័យ១១ម៉ែត្រ។ គ្រាប់បាល់ពិន័យនេះ ទាត់បញ្ចូលទីដោយកីឡាករ «Guerrero»។

ប៉ុន្តែនៅក្នុងនាទីបន្ថែម (៤០+៤) នៃពាក់កណ្ដាលម៉ោងទីមួយនេះ កីឡាករ «Gabriel Jesus» បានធ្វើឲ្យក្រុមសាំបាខ្លួន នាំមុខក្រុមប៉េរូជាថ្មី ក្នុងពិន្ទុ២-១។



លុះចូលមកដល់ ពាក់កណ្ដាលម៉ោងទី២ ក្រុមប៉េរូបានបើកការវាយលុយ យ៉ាងខ្លាំងក្លា និងមានឱកាសទាត់បញ្ចូលទី បានជាច្រើនដង តែមិនមានប្រសិទ្ធិភាព គួរឲ្យកត់សម្គាល់ទេ។

មិនមានប្រសិទ្ធិភាព ទាល់តែសោះ បើសូម្បីនៅនាទីទី៧០ កីឡាករ «Gabriel Jesus» ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿង ជាលើកទី២ (ស្មើនឹងកាតក្រហម ដែលត្រូវបណ្ដេញចេញ ពីការប្រកួត) បានធ្វើឲ្យក្រុមប្រេស៊ីល នៅសល់កីឡាករ នៅលើទីលាន ត្រឹមតែ១០នាក់ នោះក៏ដោយ។

មិនត្រឹមតែប៉ុណ្ណឹង ខ្សែការពាររបស់ក្រុមប៉េរូ ថែមទាំងប្រព្រឹត្តិកំហុស ដោយប្រើកម្លាំងបុកកីឡាករ «Richarlison» នៅលើតំបន់គ្រោះថ្នាក់ ហើយបើកផ្លូវឲ្យទាត់បាល់ពិន័យ១១ម៉ែត្រ នៅនាទីទី៩០ រកគ្រាប់បាល់ឲ្យក្រុមប្រេស៊ីល បានបន្ថែមទៀត ៣-១។

រាប់ទាំងឆ្នាំនេះ ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានឈ្នះពានទ្វីបអាមេរិកខាងលើ ចំនួន៩ដងហើយ។ ប្រេស៊ីលឈរនៅលេខរៀងទី៣ បន្ទាប់ពីប្រទេសអាហ្សង់ទីន ដែលឈ្នះពានបាន១៤ដង និងប្រទេសអ៊ុយរ៉ាហ្គាយ ដែលលើកពាននេះ បាន១៥ដង៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។