កីឡាករ អេដេន ហាហ្សា (Eden Hazard) ខ្សែបម្រើសព្វថ្ងៃ របស់ក្រុមតោខៀវអង់គ្លេស នឹងក្លាយជាកីឡាករក្រុមអធិរាជអាវស ចាប់ពីចុងខែនេះ ពោលគឺនៅក្រោយការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Europa League» រវាងក្រុមតោខៀវ ឆែលស៊ី (Chelsea – អង់គ្លេស) និងក្រុមកាំភ្លើងធំ អាសឺណល (Arsenal – អង់គ្លេស)។
គឺសារព័ត៌មានបារាំង «L’Equipe» ជាអ្នកអះអាង កាលពីមុននេះបន្តិច អំពីព័ត៌មានខាងលើ ដោយបញ្ជាក់ថា ការផ្ទេរកីឡាករដ៏ល្បីរូបនេះ ធ្វើឡើងក្នុងកម្រិតទឹកប្រាក់ ប្រមាណជា១០០លានអ៊ឺរ៉ូ ហើយក្រុមអាធិរាជអាវស ត្រៀមខ្លួនរួចជាស្រេចហើយ ថានឹងធ្វើការប្រកាសជាផ្លូវការ ពីដំណឹងនេះ នៅចុងខែឧសភា។
តាំងពីច្រើនសប្ដាហ៍មុន ដំណឹងនៃការផ្ទេរកីឡាករ ត្រូវបានទម្លាយឲ្យដឹង តាមរយៈសារព័ត៌មាន ក្នុងប្រទេសអេស្ប៉ាញ។ ជាពិសេសដំណឹងនេះ កាន់តែត្រូវបានពង្រីកធំឡើង បន្ទាប់ពីលោក ហ្ស៊ីណាឌីន ហ្សីដាន់ (Zinédine Zidane) បានត្រឡប់មក ធ្វើជាគ្រូបង្វឹក របស់ក្រុម រៀលម៉ាឌ្រីត (Real Madrid – អេស្បាញ) ឡើងវិញ។
ទំហំទឹកប្រាក់១០០លានអ៊ឺរ៉ូ អាចជាតម្លៃដ៏ខ្ពស់បំផុតមួយ ខណៈកីឡាករខ្សែបម្រើ ជាតិប៊ែលហ្សិក អាយុ២៨ឆ្នាំរូបនេះ នៅជំពាក់កិច្ចសន្យា ជាមួយក្រុម ឆែលស៊ី តែមួយឆ្នាំទៀតប៉ុណ្ណោះ។
កីឡាករ អេដេន ហាហ្សា បានចាកចេញពីក្រុម លីល៍ (Lille OSC – បារាំង) មកទាត់ឲ្យក្រុម ឆែលស៊ី នៅឆ្នាំ២០១២។ ក្នុងរដូវកាល ២០១៤-២០១៥ កីឡាករបានជ្រើសតាំង ជាកីឡាករឯក សម្រាប់ក្របខណ្ឌ «Premier League»។
នៅជាមួយក្រុមតោខៀវ កីឡាករបានឈ្នះជាជើងឯក «Premier League (ក្របខណ្ឌប្រកួតជុំបូកពិន្ទុ)» ចំនួនពីរដង នៅឆ្នាំ២០១៥ និងឆ្នាំ២០១៧ ឈ្នះពានអង់គ្លេស «FA Cup» ចំនួនម្ដង នៅឆ្នាំ២០១២០១៧ និងឈ្នះពាន «EFL cup» ចំនួនម្ដង នៅឆ្នាំ២០១៩។
សម្រាប់រដូវកាល ២០១៨-២០១៩នេះ កីឡាករអាចនឹងរកបានពានមួយទៀត ក្នុងក្របខណ្ឌអ៊ឺរ៉ុប គឺ «Europa League» ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៩ ខែឧសភាខាងមុខ មុននឹងការចាកចេញ របស់កីឡាករ ទៅកាន់ក្រុមរៀល៕