ជ័យជំនះ២-១របស់ក្រុម ឆែលស៊ី (Chelsea) លើក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) ក្នុងយប់នេះ បានជួយឲ្យក្រុម លីវើភូល (Liverpool) ដែលមានពិន្ទុលើសក្រុម មេនស៊ីធី យ៉ាងច្រើននោះ ក្លាយជាជើងឯករដូវកាលនេះ ជាស្ថាពរ។
ជាការប្រកួត ក្របខណ្ឌបូកពិន្ទុ «Premier League» ជុំទី៣១ ក្នុងយប់ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមិថុនានេះ ក្នុងកីឡាដ្ឋាន «Stamford Bridge» របស់ក្រុមតោខៀវ ដែលគ្មានអ្នកទស្សនាម្នាក់សោះ ក្រោមហេតុផល នៃការរាតត្បាតជំងឺ«Covid-19»។
ហេតុអ្វីក៏បរាជ័យរបស់ក្រុម មេនស៊ីធី ធ្វើឲ្យក្រុម ហង្សក្រហម ក្លាយជាជើងឯករដូវកាលនេះ ? មិនពិបាកយល់ទេ ព្រោះក្រុម លីវើភូល (លេខ១ក្នុងក្របខណ្ឌ) មានពិន្ទុដល់ទៅ ៨៦ និងក្រុម មេនស៊ីធី (លេខ២) មានពិន្ទុ ៦៣។
បើទោះជាក្រុម មេនស៊ីធី បានឈ្នះការប្រកួតទាំង៧ជុំ ដែលនៅសល់ ក្នុងការប្រកួតវិលជុំ នៃក្របខណ្ឌ «Premier League» ក្នុងរដូវកាលនេះក្ដី ក៏ពិន្ទុដែលក្រុមនេះ អាចរកបាន ៣x៧=២១ មិនអាចតាមក្រុម លីវើភូល ទាន់ឡើយ។ ហើយនេះ គេមិនប្រាកដទៀតថា ក្រុម ហង្សក្រហម នឹងប្រកួតចាញ់ ទាំង៧ប្រកួតនោះផងទេ។
ជ័យជំនះក្នុងឆ្នាំនេះ របស់ក្រុម ហង្សក្រហម ជាជ័យជំនះលើកទី១៩ បន្ទាប់បានខកខាន លើកពានជើងឯកដូច្នេះ អស់រយៈពេល៣០ឆ្នាំមកហើយ (ការជាប់ជាជើងឯកលើកមុន គឺនៅឆ្នាំ១៩៩០)៕