បាល់ទាត់

បាយ៉ឺន សឹងតែ​បាន​ឆ្លងវគ្គ​រួចរាល់ បន្ទាប់ពី​​លត់ ឆែលស៊ី ដល់ផ្ទះ

CHAMPIONS LEAGUE ៖ ក្រុម បាយ៉ឺន មូនិឆ (Bayern Munich – អាល្លឺម៉ង់) សឹងតែបានឈានជើងទាំងពីរ ដើរឆ្លងវគ្គរួចជាស្រេចហើយ បន្ទាប់ពីបំបាក់ក្រុម ឆែលស៊ី (Chelsea FC – អង់គ្លេស) ដោយពិន្ទុ ៣-០ នាកីឡដ្ឋាន «Stamford Bridge» ក្នុងយប់ថ្ងៃអង្គារនេះ។

ពិតហើយថា ក្រុមតោខៀវដ៏ក្មេងវ័យ បានរៀបក្រឡាប្រកួត ដើម្បីទប់នឹងក្រុមជើងឯកច្រើនជំនាន់ របស់ប្រទេសអាល្លឺម៉ង់ តែយុទ្ធសាស្ត្រនេះ មានរយៈពេលត្រឹមតែ៥០នាទីដំបូងប៉ុណ្ណោះ សម្រាប់ការប្រកួត វគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ឆ្នាំ២០២០។

នៅពេលត្រឡប់ ចូលមកទាត់ នៅក្នុងពាក់កណ្ដាលម៉ោងទី២ ក្រុម បាយ៉ឺន បានរកគ្រាប់បាល់ សឹងតែផ្ទួនៗគ្នា ពីរគ្រាប់ នៅនាទីទី៥១ និង៥៤ ដោយកីឡាករ «Serge Gnabry» ខណៈគ្រាប់បាល់ទីបី ត្រូវកីឡាករ «Robert Lewandowski» កំពូលខ្សែប្រយុទ្ធរបស់ក្រុមអាល្លឺម៉ង រកបាននៅនាទីទី៧៦។

បរាជ័យក្នុងផ្ទះខ្លួនឯងប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់នៅឡើយ ព្រោះខ្សែបម្រើស្លាបមួយរូបទៀត របស់ក្រុម ឆែលស៊ី គឺកីឡាករ «Marcos Alonso» ត្រូវបានអាជ្ញាកណ្ដាលបណ្ដេញ ចេញពីការប្រកួត នៅនាទីទី ៨៣ បន្ទាប់ពីកីឡាកររូបនេះ គ្រវាសដៃចំមុខគូប្រកួត។

ក្ដីសង្ឃឹម របស់ក្រុមតោខៀវ ហាក់អស់រលីងទៅហើយ បើទោះជាមានការប្រកួត «ត្រឡប់» នៅថ្ងៃទី១៨ ខែមិនាខាងមុខមួយទៀតក្ដី។ អស់សង្ឃឹម ព្រោះក្រុមបាល់ទាត់ របស់ចក្រភពអង់គ្លេសមួយនេះ ត្រូវរកគ្រាប់បាល់ឲ្យបាន៤គ្រាប់ លើសក្រុម បាយឺន ដើម្បីអាចឆ្លងវគ្គបាន។ តែនៅក្នុងកីឡដ្ឋាន «Allianz Arena» ដ៏ធំសម្បើម​ (របស់ក្រុម បាយ៉ឺន) ចង់យកជ័យជំនះ លើក្រុម បាយ៉ឺន គឺពិតជាពិបាកធ្វើបានណាស់៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។