បន្ទាប់ពីមិនបានឆ្លងវគ្គ សម្រាប់ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្រុមតោបារាំង លីយ៉ុង (Olympique Lyonnais – បារាំង) បានឡើងមកប្រកួត ក្នុងវគ្គ១ភគ៨ផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំនេះ កាលពី យប់ម៉ិញ ទល់នឹងក្រុម បាសឺឡូន (FC Barcelona) នាកីឡាដ្ឋាន «Groupama Stadium» របស់ក្រុមលីយ៉ុង។
តែបើទោះជាក្រុម បាសឺឡូន ជាក្រុមបាល់ទាត់យក្សមួយ នៅអ៊ឺរ៉ុបក្ដី តែក្រុម លីយ៉ុង បានប្រកួតយ៉ាងប្ដូរផ្ដាច់ និងទប់ទល់រហូតដល់ទទួលបានលទ្ធផលស្មើ នៅទីបំផុត ហើយក្រុមទាំងសងខាង រកមិនបានសូម្បីតែមួយគ្រាប់។
លទ្ធផលក្នុងការប្រកួត«ទៅ»នេះ (០-០) នឹងអនុញ្ញាតឲ្យក្រុមតោបារាំង នៅមានក្ដីសង្ឃឹមច្រើននៅឡើយ ក្នុងការប្រកួត«ត្រឡប់» រវាងក្រុមទាំងពីរ នៅ៣សប្ដាហ៍ខាងមុខ ដោយទម្លាក់ក្រុមអ្នកមានបុណ្យ បាសឺឡូន នៅក្នុងកីឡដ្ឋាន «Champ Nou» របស់ក្រុមនេះ។
សម្រាប់គូប្រកួត«ទៅ»មួយទៀត ក្នុងក្របខណ្ឌ«Champions League»តែមួយ រវាងក្រុម លីវើភូល (Liverpool FC – អង់គ្លេស) ទល់នឹងក្រុម បាយ៉ើន (Bayern Munich – អាល្លឺម៉ង់) នៅក្នុងកីឡដ្ឋាន «Anfield» របស់ក្រុមតោក្រហម ក៏រកមិនបានមួយគ្រាប់ ដូចគ្នាដែរ (០-០)។
ក្រុម លីវើភូល បានគ្រប់គ្រងសាច់បាល់បានច្រើន និងមានឱកាសរកគ្រាប់បាល់បានច្រើនដង តែខ្សែប្រយុទ្ធរបស់ក្រុមតោក្រហមថ្ងៃនេះ មិនបានបង្ហាញថ្វីជើង ប្រកបដោយប្រសិទ្ធិភាព របស់ខ្លួនទេ។
ដូច្នេះ សម្រាប់ការប្រកួត«ត្រឡប់» នៅ៣សប្ដាហ៍ខាងមុខ ក្នុងកីឡដ្ឋាន «Allianz Arena» របស់ក្រុម បាយ៉ើន លទ្ធផលពិតជាពិបាកទាយដឹងណាស់ ហើយរឿងចាញ់ឈ្នះ អាចនឹងកើតមានសម្រាប់ក្រុមទាំងពីរ ដូចការប្រកួត លីយ៉ុង-បាសឺឡូន ដែរ៕