បាល់ទាត់

Champions League៖ រ៉ូណាល់ដូ-ក្រុម​សេះបង្កង់ ហាលអាវត្រឹម១/៨

ក្រុម​សេះបង្កង់ នៃប្រទេសអ៊ីតាលី ដែលមានខ្សែប្រយុទ្ធដ៏ល្បី កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ត្រូវបាន​ជម្រុះចេញ​ជាស្ថាពរ ពីការប្រកួតក្របខណ្ឌ​​«Champions League» បើទោះជាបានប្រកួតឈ្នះ លើក្រុម​នាគខៀវ ព័រតូ (FC Porto ព័រទុយហ្គាល់) ក្នុងការប្រកួតជុំទី២ វគ្គ១/៨ផ្ដាច់ព្រ័ត្រ យប់ថ្ងៃអង្គារនេះក្ដី។

បើប្រកួតឈ្នះ ហេតុអ្វី​ក៏ត្រូវ​ហាលអាវ?

ព្រោះលទ្ធផលដែលរកបាន ក្នុងការប្រកួតជុំទី២ ដោយគ្រាប់បាល់ ៣-២ ត្រូវយកទៅបូក​ជាមួយលទ្ធផល​នៃការប្រកួត​ជុំទី១ ដោយគ្រាប់បាល់ ១-២ ដែលធ្វើឲ្យចំនួនគ្រាប់បាល់សរុប ៤-៤ ពោលគឺស្មើទាំងសងខាង។ តែដូចក្នុងលក្ខន្តិករបស់សហភាពបាល់ទាត់អ៊ឺរ៉ុប (UEFA) ដែលមានចែងស្រាប់ ក្រុម ព័រតូ បានឆ្លងវគ្គ​ទៅកាន់​វគ្គ១/៤ (ឬវគ្គ៨ក្រុម) ព្រោះក្រុមនេះរកបានគ្រាប់បាល់ នៅក្រៅផ្ទះបានច្រើនជាងក្រុម ជូវេនទូស។

មិនខុសពីក្រុម ដ័រមូន ដែលបានឆ្លងវគ្គដែរ ក្នុងការប្រកួតមួយទៀត ក្រុមនាគខៀវ ព័រតូ ត្រូវរង់ចាំរហូតដល់​ការប្រកួត​ជុំទី២ (រវាងក្រុមទាំង១២ផ្សេងទៀត) បញ្ចប់រួចរាល់ នៅសប្ដាហ៍ខាងមុខ ទើបក្រុមនេះអាចដឹង​ពីគូប្រកួតរបស់ខ្លួន តាមរយៈ​ការចាប់ឆ្នោត ដែលជាការរៀបចំ របស់សហភាពបាល់ទាត់អ៊ឺរ៉ុប៕

ជ័យ វិបុល

អ្នកសារព័ត៌មាន និងជាអ្នកស្រាវជ្រាវ នៃទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ លោកមានជំនាញខាងព័ត៌មានកីឡា និងការស្រាវជ្រាវ។